Toyota លក់ឡានបានច្រើនជាងក្រុមហ៊ុនឡានធំរបស់អាមេរិក នៅផ្សារអាមេរិក

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១នេះ Toyota អាចលក់រថយន្តបានចំនួន ១,៨៦លានគ្រឿង នៅសហរដ្ឋអាមេរិក ធៀបនឹងក្រុមហ៊ុនធំរបស់អាមេរិក General Motors អាចលក់បាន ១,៧៨លានគ្រឿង។

គួររំលឹកថាចាប់តាំងពីឆ្នាំ១៩៣១មក ក្រុមហ៊ុន General Motors បានគ្រងតំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេអស់រយៈពេល ៨៩ឆ្នាំជាប់គ្នា ប៉ុន្តែពេលនេះក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាធំ ដោយសារតែវិបត្តិឈីបសកល ដែលបានបង្ខំឲ្យក្រុមហ៊ុនផ្អាកដំណើរការរោងចក្រផលិតជាច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM បាននិយាយថាចំនួនលក់នៅត្រីមាសទី៣នេះ មានការធ្លាក់ចុះរហូតដល់ជិត ៣៣% ជាមួយចំនួនលក់ត្រឹម ៤៤៦ ៩៩៧គ្រឿង ប៉ុន្តែចំនួនលក់សរុបនៅរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១ មានកំណើន ០,១%។

ដោយឡែកក្រុមហ៊ុន Toyota ឯណោះ មានកំណើនចំនួនលក់ ១,៤% ក្នុងត្រីមាសទីបីនេះ ដោយលក់បាន ៥៦៦ ០០៥គ្រឿង ខណៈដែលចំនួនលក់សរុប៩ខែដំបូង មានកំណើនរហូតដល់ ២៧,៩% ឯណោះ។

ប្រសិនបើស្ថានភាពនៅតែមិនល្អប្រសើរនៅត្រីមាសទី៤ នោះក្រុមហ៊ុន GM ទំនងជាបាត់បង់តំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេនៅអាមេរិកដែលខ្លួនបានកាន់កាប់អស់រយៈពេល ៨៩ឆ្នាំមកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម