
យោងតាមការគ្រោងទុករបស់ក្រុមហ៊ុន Toyota ពួកគេមានគម្រាងនាំចេញរថយន្ដ RAV4 ដែលផលិតនៅប្រទេសកាណាដា និងជប៉ុនទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែឥឡូវនេះផែនការថ្មីកំពុងស្ថិតក្នុងការពិចារណា ដោយពួកគេអាចនឹងងាកមកចាប់ផ្តើមបង្កើនការផលិតរថយន្ដនេះនៅក្នុងរដ្ឋ Kentucky នៅទឹកដីសហរដ្ឋអាេមរិកនៅឆ្នាំ ២០២៧។ ហេតុផលចម្បងគឺជៀសវាងពន្ធនាំចូល ២៥% ពីគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ។
នៅក្នុងឆ្នាំ ២០២៤ Toyota បានលក់រថយន្ដ RAV4 បានជាង ៤៧៥ ១៩៣ នៅសហរដ្ឋអាមេរិក ដែលជាអត្រាលក់នៃការលក់បានច្រើនជាងគេនៅអាមេរិក។ ក្រុមហ៊ុន Toyota មានសមត្ថភាពផលិតរថយន្តបាន ១,៣ លានគ្រឿងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤។ មិនមែនតែក្រុមហ៊ុន Toyota សូម្បីតែក្រុមហ៊ុន Nissan និង Honda ក៏បានផ្លាស់ប្តូរទីតាំងផលិតរថយន្ដខ្លួនទៅសហរដ្ឋអាមេរិកដើម្បីជៀសវាងពន្ធគយ។
យោងតាមចុះផ្សាយពីសារព័ត៌មាន (Reuters) បានបញ្ជាក់ថា ក្រុមហ៊ុន Toyota កំពុងពិចារណាលើការផលិតរថយន្ត SUV ម៉ូដែល RAV4 ថ្មីរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ជាពិសេសកំពុងពិនិត្យមើលខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការដាក់ពន្ធគយរហូតដល់ ២៥% លើរថយន្តនាំចូលដោយរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ។ បច្ចុប្បន្ន Toyota មានរោងចក្រផលិតរថយន្ដ RAV4 នៅរដ្ឋ Kentucky ក្នុងសហរដ្ឋអាមេរិក ប្រទេសកាណាដា និងជប៉ុន។
Toyota នឹងបង្ហាញរថយន្ដ RAV4 ម៉ូដែលឆ្នាំ ២០២៦ ដែលមានជាការកែទម្រង់ផ្នែកខាងមុខ លើកដំបូងចាប់តាំងពីម៉ូដែលជំនាន់ទី៥ បានបង្ហាញខ្លួននៅឆ្នាំ ២០១៩ ជាមួយនឹងការចាប់ផ្តើមលក់នៅក្នុងទីផ្សារមួយចំនួនជុំវិញពិភពលោកនៅពេលខាងមុខនេះ ទោះបីជាកាលបរិច្ឆេទសម្រាប់សហរដ្ឋអាមេរិកមិនទាន់ត្រូវបានប្រកាសក៏ដោយ។
ប្រភពដដែលបានបន្ថែមថា Toyota មិនទាន់ធ្វើការសម្រេចចិត្ត ចុងក្រោយលើផែនការផលិតកម្មរបស់ខ្លួននៅឡើយទេ ព្រោះការកែប្រែរោងចក្រទាមទារផែនការយ៉ាងហោចណាស់ជាច្រើនឆ្នាំ និងទាក់ទងនឹងការវិនិយោគទុនខ្ពស់ ទាំងក្នុងការកែសម្រួលគ្រឿងចក្រ និងការផ្គត់ផ្គង់គ្រឿងបន្លាស់។ ប្រសិនបើ Toyota បន្តផែនការផលិតកម្មនៅរដ្ឋ Kentucky ការផលិត RAV4 ថ្មីអាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ ចំណែកការផលិតរថយន្ដនេះនៅប្រទេសកាណាដាទំនងជានឹងរក្សាក្នុងកម្រិតដដែល។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយទៅកាន់ Reuters ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនកំពុងសិក្សាឥតឈប់ឈរនូវវិធីសាស្រ្ត ដើម្បីកែលម្អការផលិត ដើម្បីបម្រើអតិថិជនខ្លួនជាមួយស្ថេរភាព និងធានាសន្តិសុខការងារ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ JATO Dynamics បានឲ្យដឹងថារថយន្ដ RAV4 គឺរថយន្ដដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដោយបានទម្លាក់រថយន្ត Ford F-150 ដែលធ្លាប់គ្រងតំណែងកំពូលអស់រយៈពេលជាច្រើនឆ្នាំ។ Toyota បានលក់ RAV4 បានជាង ៤៧៥ ១៩៣ គ្រឿង ដែលស្មើនឹង ២០% នៃការលក់សរុបរបស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិក។
នៅមិនទាន់ច្បាស់នៅឡើយទេថា តើ Toyota នឹងផលិត RAV4 ថ្មីប៉ុន្មានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន Toyota មានរោងចក្រចំនួន ១១ នៅក្នុងសហរដ្ឋអាមេរិក រួមទាំងរោងចក្រផលិតគ្រឿងបន្លាស់ផងដែរ ហើយក្នុងឆ្នាំ ២០២៤ ពួកគេបានផលិតរថយន្តជិត ១,៣ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដែលស្មើនឹងជាងពាក់កណ្តាលនៃការលក់នៅក្នុងទីផ្សារ (សរុប ២,៣ លានគ្រឿង)។
ក្រុមហ៊ុន Toyota បានប្រកាសកាលពីដើមខែមេសាថា ខ្លួននឹងដំណើរការដូចធម្មតា និងផ្តោតលើការកាត់បន្ថយថ្លៃដើមថេរ ជាជាងដំឡើងថ្លៃរថយន្ត ដើម្បីឆ្លើយតបនឹងគោលនយោបាយពន្ធថ្មី។ ក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោក រួមទាំងក្រុមហ៊ុននៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនដែលផលិតនៅក្រៅប្រទេស ក៏កំពុងប្រឈមមុខនឹងហានិភ័យពីពន្ធនាំចូល ២៥% ដែលនឹងត្រូវអនុវត្តនៅខែនេះផងដែរ៕