Venucia VX6 ប្រភេទ MPV អគ្គិសនីសុទ្ធ សាកភ្លើងម្តងជិះបាន ៥២០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng Nissan បានធ្វើការដាក់បញ្ចេញចេញជាផ្លូវការនៅរថយន្ត Venucia VX6 ប្រភេទ MPV ប្រើថាមពលអគ្គិសនីសុទ្ធ មាន ៣ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៩ ៤៥១ ដុល្លារ ដល់ ២១ ៩២៩ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៥៨ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៦៥៦ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៧៩ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ផ្តោតទៅលើប្រណិតភាព ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រ និងទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មាន ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ កៅអីស្បែកមុខងារខ្យល់-កំដៅជាមួយអង្កចងចាំសម្រាប់ផ្នែកខាងមុខ ។ លើសពីនេះ ក៏មានកន្លែងផ្ទុកឥវាន់ ២០ ទីតាំង កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof ប្រវែង ២,១ ម៉ែត្រ និងឧបករណ៍បំពងសំលេង ៩ ទីតាំងផងដែរ ។

Venucia VX6 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៤ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកបាន ៣០%-៨០% ប្រើរយៈពេល ២៥ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម