[បរទេស] ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត VinFast VF3 ប្រភេទអគ្គិសនីសុទ្ធខ្នាតតូច ផ្តោតលើផ្លូវលំបាកៗ ឬ Off-Road ដែលមានរូបរាងខុសប្លែកពីម៉ូដែលដទៃរបស់ម៉ាក ត្រូវបានផលិតឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសរបស់ខ្លួនប៉ុណ្ណោះ ។
រថយន្តប្រភេទ Mini car នេះ មានប្រវែងតួខ្លួនសរុប ៣ ១១៤ ម.ម សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ ប៉ាណាមុខអូសកាតដោយរបាមានឡូហ្គោចំកណ្តាល ជាប់ចង្កៀងប្រភេទ LED ផ្នែកចំហៀងប្រើប្រាស់នៅទ្វារ ២ ថាសកង់ទំហំ ១៦ អ៉ីញ ផ្នែកខាងក្រោយមានចង្កៀង LED និងរបាអូសកាត់មានឡូហ្គោនៅចំកណ្តាលជាដើម ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន VinFast មិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ប៉ុន្តែបាននិយាយថា រថយន្តប្រភេទ SUV ខ្នាតតូចនឹងដំណើរការដោយម៉ូទ័រអគ្គិសនី និងអាគុុយ ដែលផ្តល់នៅចម្ងាយធ្វើដំណើរដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកបើកបរវៀតណាម។
VinFast នឹងផ្តល់ជូនរថយន្ត ២ ម៉ូដែលគឺ Eco និង Plus ការបញ្ជាទិញសម្រាប់ VF 3 នឹងទទួលការកក់ទុកមុននៅខែកញ្ញា ឆ្នាំ ២០២៣ ជាមួយនឹងការចែកចាយរំពឹងថានឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ ៕