VinFast នឹងចាប់ផ្តើមចែកចាយឡានអគ្គិសនី VF 9 នៅចុងខែនេះ ក្នុងប្រទេសកំណើតរបស់ខ្លួន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast បានប្រកាសថានឹងចាប់ផ្តើមចែកចាយរថយន្តអគ្គិសនី VF 9 នៅទីក្រុងហាណូយ ដាណាង និងទីក្រុងហូជីមិញ នៅថ្ងៃទី ២៧ ខែមីនា ហើយបន្តនៅហាងផ្សេងទៀតនៅទូទាំងប្រទេសក្នុងថ្ងៃបន្ទាប់នៅក្នុងទីផ្សារប្រទេសវៀតណាម។

VF 9 ដំបូងនឹងត្រូវបានបំពាក់ដោយកញ្ចប់អាគុយទំហំ ៩២ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៦២០ ញ៉ូតុនម៉ែត្រ អាចសាកថ្មពី ១០% ទៅ ៧០% ក្នុងរយៈពេលត្រឹមតែ ២៦ នាទី និងអាចបើកបរបានចម្ងាយ ៤៣៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីនេះ មានកៅអី ៣ ជួរ មានមុខងារកំដៅ/ខ្យល់ត្រជាក់ និងម៉ាស្សាសម្រាប់ផ្នែកខាងមុខ ព្រមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ និងអេក្រង់ទំហំ ៨ អ៉ីញ សម្រាប់អ្នកដំណើរជួរទី ២ ។ ចំណុចលេចធ្លោផ្សេងទៀតរួមមានដំបូលកញ្ចក់បែប Panoramic អេក្រង់បង្ហាញលើកញ្ចក់ និងប្រព័ន្ធជំនួយអ្នកបើកបរជាច្រើនប្រភេទ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថតន្ត VF 9 របស់សហរដ្ឋអាមេរិកត្រូវបានគេគ្រោងនឹងចាប់ផ្តើមនៅតម្លៃ ៨៣ ០០០ ដុល្លារ ហើយមានកញ្ចប់អាគុយទំហំធំរហូតដល់ ១២៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៩៤ គូឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម