VinFast នឹងឈប់ផលិតឡានប្រើសាំង នៅឆ្នាំ២០២២ នេះ

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងឈប់ផលិតរថយន្តដែលប្រើសាំងនៅឆ្នាំ ២០២២ នេះ ហើយក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងស្រុងតែម្តង។

នាយកប្រតិបត្តិក្រុមហ៊ុន VinFast Global លោក Le Thi Thu Thuy បាននិយាយនៅឯពិព័រណ៍ CES ឆ្នាំ 2022 នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីថ្ងៃពុធថា “ពីអ្នកថ្មីថ្មោងនៅក្នុងទីផ្សារជាមួយនឹងរថយន្តដែលប្រើសាំង ឥឡូវនេះ VinFast កំពុងប្រែខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន VinFast បានដាក់បង្ហាញរថយន្តអគ្គិសនីថ្មីចំនួន ៣ ម៉ូដែល នៅក្នុងព្រឹត្តិការណ៍ខាងលើ ហើយធ្លាប់បានប្រកាសពីតម្លៃរថយន្តរបស់ខ្លួន នៅឯពិព័រណ៍រថយន្ត Los Angeles ឆ្នាំ ២០២១ ក្នុងខែវិច្ឆិកា ផងដែរ។

នៅប្រទេសវៀតណាម រថយន្តអគ្គិសនីថោកបំផុតរបស់ VinFast គឺម៉ូដែល VF8 មានតម្លៃចាប់ពី ១,០៦ពាន់លានដុង ឬប្រហែល ៤៦ ៦០០ដុល្លារ។

សារព័ត៌មាន Bloomberg បានដកស្រង់សម្តីរបស់លោក Thuy ថា “វិស័យរថយន្តអគ្គិសនីនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍, កម្រិតនៃការប្រកួតប្រជែងមិនខ្លាំងពេកទេ ហើយនៅតែមានឱកាសសម្រាប់ម៉ាកថ្មីៗ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម