[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Volkswagen Transporter T7 សេរ៊ីឆ្នាំ២០២៥ ទទួលបានជម្រើសថាមពលជាច្រើន ជាមួយតម្លៃលក់ចាប់ពី ៣៩ ៦៥០ ដុល្លារ ដល់ ៤៧ ១០០ ដុល្លារ ក្នុងទីផ្សារតំបន់អឺរ៉ុប ហើយគ្រោងចេញលក់លើទីផ្សារជាផ្លូវការក្នុងត្រីមាសទី១ ឆ្នាំ២០២៥។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ដល់ ៥ ៤៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣,១០០ ម.ម ដល់ ៣,៥០០ ម.ម ព្រមទាំងទទួលបានជម្រើសប្រព័ន្ធថាមពលជាច្រើនរួមមាន៖
- ម៉ាសុីនម៉ាស៊ូត ប៉ុង ១ វិលកង់មុខ
- ម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២២៩ សេះ
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ វិលកង់ក្រោយ (៣ជម្រើស) ផលិតកម្លាំងបាន ១៣៤, ២១៤ និង ២៨២ សេះ ផ្គួបជាមួយអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង
សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានការរចនាថ្មីរួមមានចង្កៀងមុខ-ក្រោយថ្មីប្រភេទ LED និងយ៉ាន់កង់ស្ព័រថ្មីទំហំ ១៦ ដល់ ១៩អ៊ីញ (ការរចនាផ្នែកខាងក្រៅអាចមានភាពខុសគ្នាដោយសារទទួលបានប្រព័ន្ធថាមពលច្រើនជម្រើស)។ ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ព៌ត័មានឌីជីថលទំហំ ១២អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រព័ន្ធសម្លេង ៦ ចំនុច និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតរួមមាន ហ្វ្រាំងអូតូ និងប្រព័ន្ធជំនួតរក្សាគន្លងជាដើម។ គួរបញ្ជាក់ផងថា សម្រាប់ព៌ត័មានលម្អិតរបស់រថយន្តនេះមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ៕