នៅខែកញ្ញាឆ្នាំ ២០២០ មានពាក្យចចាមអារាមអំពីក្រុមហ៊ុន Volkswagen Group ចរចាដើម្បីលក់យីហោរថយន្តម៉ាក Bugatti ទៅឱ្យក្រុមហ៊ុន Rimac Automobili ដែលជាក្រុមហ៊ុនរបស់ប្រទេសក្រូអាត ដែលមានជំនាញក្នុងការផលិត និងផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់រថយន្តប្រភេទ Supercar ។
នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយទស្សនាវដ្តីរថយន្តអាឡឺម៉ង់ Automobile Woche លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន Porsche និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Volkswagen Group បានបង្ហើបថាកិច្ចព្រមព្រៀងនេះនឹងអាចធ្វើបានឆាប់។ ដោយលោក Blume បាននិយាយថា“ មានការពិភាក្សាជាច្រើននៅពេលនេះអំពី Bugatti ដោយធ្វើយ៉ាងណាអោយការអភិវឌ្ឍ Bugatti កាន់តែល្អបំផុត។ បញ្ហានេះនឹងត្រូវសំរេចដោយក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់នៅឆមាសទីមួយនៃឆ្នាំនេះ។”
យោងតាមព័ត៌មានដែលចេញផ្សាយដោយ Carmagazine ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន Volkswagen ចង់ផ្ទេរការគ្រប់គ្រង Bugatti ទៅឱ្យដៃគូរបស់ខ្លួនឈ្មោះ Rimac នៅក្នុងផែនការនៃកំណែទម្រង់ហិរញ្ញវត្ថុ និងការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនរថយន្តស្ព័រនេះមានបំណងកាត់បន្ថយចំណាយប្រតិបត្តិការចំនួន ១២,១ ពាន់លានដុល្លារនៅចន្លោះពេលនេះ ដល់ឆ្នាំ ២០២៥ ។
ជំនួសមកវិញ ក្រុមហ៊ុន Volkswagen តាមរយៈក្រុមហ៊ុន Porsche នឹងបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Rimac។ បច្ចុប្បន្នក្រុមហ៊ុន Porsche គឺជាម្ចាស់ភាគហ៊ុនធំទី ២ របស់ក្រុមហ៊ុន Rimac Automobili ដែលកាន់កាប់ភាគហ៊ុនចំនួន ១៥,៥ ភាគរយ។
បច្ចុប្បន្ន Rimac គឺជាដៃគូមួយដែលផ្តល់នូវបច្ចេកវិទ្យា សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗ ជាច្រើនបន្ថែមពីលើនេះក្រុមហ៊ុនកំពុងអភិវឌ្ឍនូវរថយន្តអគ្គិសនី C-Two ដែលមានកម្លាំងជាង ១ ៩០០ សេះនិងកម្លាំងបង្វិល ២ ៣០០Nm៕