នៅថ្ងៃដំបូងនៃកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Auto Show គេឃើញក្រុមហ៊ុន Volkswagen និង SAIC បង្ហាញចេញរថយន្តវ៉ែនថ្មីរបស់ពួកគេសម្រាប់ទីផ្សារប្រទេសចិន ដែលជាម៉ូដែល Viloran។
ការបង្ហាញចេញរថយន្តវ៉ែនថ្មីនេះ ក៏ដោយសាររថយន្តប្រភេទនេះនៅតែមានប្រជាប្រិយភាពខ្លាំងនៅប្រទេសចិន ខុសពីទីផ្សារដទៃទៀត ហើយរថយន្តដែល VW មានមិនអាចប្រជែងនឹងរថយន្តប្រណីតរបស់ក្រុមហ៊ុន Lexus និង Buick បាននោះឡើយ។
Vilora មានប្រវែង ៥,៣ ម៉ែត្រ មានទទឹង ២០០០ ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ ៣១៨០ ម.ម។ វាប្រើប្រាស់គ្រោងឆ្អឹង MQB ដែលធ្វើឲ្យមានប្រវែងវែងជាងម៉ូដែល VW Shran ប្រហែលកន្លះម៉ែត្រ។
រថយន្តវ៉ែននេះអាចផ្ដល់ទំហំធំទូលាយសម្រាប់អ្នកដំណើរ ៧ នាក់ ហើយកៅអីជួរទីពីរមានផ្ដល់នូវផាសុកភាពបានខ្ពស់ជាងគេ ដោយសារជាកៅអីប្រភេទ Business-Class និងមានកន្លែងដាក់ជើងទូលាយទៀត។ រថយន្ត Viloran ក៏មាននូវដំបូលកញ្ចក់ធំ, កាមេរ៉ាមើលឃើញជុំវិញ, មាន Adaptive Cruise Control, ជំនួយការពេលស្ទះផ្លូវ និងមុខងារពិសេសៗជាច្រើនទៀត។
Viloran រំពឹងថាប្រើប្រាស់ម៉ាស៊ីន TSI Turbo-Four បានមកពីត្រកូលរថយន្ត EA8888 ដែលមានចំណុះ ២,០ លីត្រ កម្លាំង ២១៧ សេះ ភ្ជាប់នឹងប្រអប់លេខ ៧ វគ្គ។
Viloran នេះដែរជាម៉ូដែលដំបូងរបស់ SAIC Volkswagen ដែលមានប្រើប្រាស់ឡូហ្គោថ្មីរបស់ក្រុមហ៊ុនអាល្លឺម៉ង់។ ការលក់រថយន្តនេះនឹងចាប់ផ្ដើមនៅដើមឆ្នាំ ២០២០ នៅប្រទេសចិន ដោយមិនទាន់បង្ហាញតម្លៃលក់នៅឡើយ៕