Volkswagen នឹងចាប់ផ្តើមដឹកឡាន SUV អគ្គិសនី ឲ្យអតិថិជន

ក្រុមហ៊ុន Volkswagen នឹងចាប់ផ្តើមដឹករថយន្ត SUV អគ្គិសនីម៉ូដែល ID.4 ស៊េរីឆ្នាំ២០២១ ថ្មីសន្លាងរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក ដោយចាប់ផ្តើមពីអឺរ៉ុប និងសហរដ្ឋអាមេរិកមុនគេបង្អស់។

ការដឹកជញ្ជូនរថយន្ត Volkswagen ID.4 សម្រាប់អតិថិជន នឹងចាប់ផ្តើមនៅខែក្រោយសម្រាប់តំបន់អឺរ៉ុប និងចិន ហើយនៅពេលកណ្តាលឆ្នាំនេះ នៅសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Klaus Zellmer សមាជិកក្រុមប្រឹក្សាផ្នែកលក់ នៅក្រុមហ៊ុន Volkswagen Passenger Cars បានមានប្រសាសន៍ថា “បន្ទាប់ពីការចេញលក់រថយន្ត ID.3 នៅទូទាំងពិភពលោករួចមក យើងនឹងទាក់បានចាប់អារម្មណ៍មនុស្សកាន់តែច្រើនចំពោះរថយន្តអគ្គិសនី។ ដូច្នេះហើយយើងសង្ឃឹមថានឹងអាចលក់រថយន្ត ID.4 បានចំនួន ១០០ ០០០ គ្រឿងដល់អតិថិជននៅឆ្នាំនេះ។ យើងបានទទួលការបញ្ជាទិញសម្រាប់រថយន្តចំនួន ១៧ ០០០ គ្រឿងរួចទៅហើយ”។

គួរឲ្យដឹងថា រថយន្ត Volkswagen ID.4 នឹងមានតម្លៃចាប់ពី ៣៩ ៩៩៥ដុល្លារ សម្រាប់ម៉ូដែល Pro ដែលប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៨២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រ និងមានកម្លាំង ២០១សេះ ខណៈម៉ូដែល 1st Edition នឹងមានតម្លៃចាប់ពី ៤៣ ៩៩៥ដុល្លារ មានចម្ងាយបើកបរដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម