Volkswagen ចេញឡានអគ្គិសនីកម្លាំងខ្លាំងថ្មី ហើយសាកម្តងជិះបាន ៤៨០គ.ម

ក្រុមហ៊ុន Volkswagen បានពង្រីកត្រកូលរថយន្តអគ្គិសនី ID.4 របស់ខ្លួន ដោយបន្ថែមម៉ូដែលថ្មីមួយទៀត ហៅថា ID.4 GTX។

រថយន្ត Volkswagen ID.4 GTX ថ្មីនេះ មានកម្លាំងខ្លាំងជាងម៉ូដែល ID.4 ធម្មតាដល់ទៅ ៩១សេះ សរុប ២៩៥សេះ ដោយសារតែការបន្ថែមម៉ូទ័រអគ្គិសនីមួយទៀត ពោលគឺប្រើម៉ូទ័រអគ្គិសនីពីរ អាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៦,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈម៉ូដែល ID.4 ធម្មតាប្រើពេល ៨,៥វិនាទី និងមានល្បឿនត្រឹម ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា រថយន្ត ID.4 GTX នឹងដើរតួជាគូប្រជែងរបស់រថយន្តអគ្គិសនី Ford Mustang Mach-E និង Tesla Model Y ដែលសុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ខ្លាំង។

SUV អគ្គិសនីខ្នាតតូចខាងលើ មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៧គីឡូវ៉ាតម៉ោង ផ្តល់ចម្ងាយបើកបរ ២៩៨ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង តិចជាងម៉ូដែល ID.4 ធម្មតាដែលផ្តល់ចម្ងាយដល់ ៣១០ម៉ាយ៍ ឬ ៥០០គីឡូម៉ែត្រ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Volkswagen មិនទាន់បានបង្ហាញតម្លៃលក់នៃរថយន្ត ID.4 GTX សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងអង់គ្លេស ប៉ុន្តែវាត្រូវបានដាក់លក់ក្នុងតម្លៃ ៦០ ៦០០ដុល្លារ នៅអាល្លឺម៉ង់ ថ្លៃជាងម៉ូដែល ID.4 ធម្មតា ៧ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម