Volkswagen ចេញ SUV ខ្នាតតូចថ្មីស៊េរីឆ្នាំ ២០២២

Volkswagen បាន​បង្ហាញ​ចេញ​នូវ​រថយន្ត​ SUV ខ្នាត​តូច​ថ្មី​ជា​ម៉ូដែល Toas ស៊េរី​ឆ្នាំ ២០២២ ដែល​ស្ថិត​នៅ​ក្រោម​រថយន្ត​ Volkswagen Tiguan មួយ​កម្រិត។

រថយន្ត Toas នេះ​មាន​​ការ​ឌីហ្សាញ​ដោយ​មាន​ផ្ទាំង​ប៉ាណា​មុខ​រាង​ទូលាយ និង​មាន​អំពូល​ភ្លើង​ដែល​រាង​ទាញ​ទៅ​ខាង​ក្រោយ។ សម្រាប់ Option ខ្ពស់​ជាង​គេ​មាន​បំពាក់​នូវ​ភ្លើង LED ដែល​ភ្លឺ​ចេញ​ពី​​ផ្ទាំង​ប៉ាណា​ខាង​មុខ​តែ​ម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​មាន​ប្រវែង ៤៤៦៥ម.ម ទទឹង ១៨៤២ម.ម កម្ពស់ ១៦៣៦ម.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​គឺ ២៦៩០ម.ម។ ទំហំ​នេះ​គឺ​ធំ​ជាង​រថយន្ត Chevrolet Trailblazer និង Kia Seltos ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា។

សម្រាប់ Option ខ្ពស់​ជាង​គេ​មាន​បំពាក់​អេក្រង់​បញ្ជា​ទំហំ ៨អ៊ីញ, កន្លែង​សាក​ថ្ម​ទូរសព្ទ​ឥត​ប្រើ​ខ្សែ និង​ភ្លើង​បំភ្លឺ​ខាង​ក្នុង​ចំនួន ១០​ជម្រើស។ វា​ក៏​មាន​នូវ​ Option សម្រាប់​បន្ថែម​ចង្កូត​កម្ដៅ, កៅអី​អ្នក​បើកបរ​អាច​ប្ដូរ​បាន​៨​របៀប និង​រន្ធ​បំពង​សំឡេង​គុណភាព​ខ្ពស់​ចំនួន​៨​ផង​ដែរ។

រថយន្ត Toas នេះ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន Turbocharged ចំណុះ ១,៥លីត្រ ៤ស៊ីឡាំង កម្លាំង ១៥៨សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​អូតូ​៨​វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ។ វា​ក៏​មាន​នូវ Option ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន​ផង​ដែរ ប៉ុន្តែ​ប្រអប់​លេខ​ត្រូវ​ជំនួស​ដោយ​ប្រអប់​លេខ DSG ៧វគ្គ​វិញ។

រថយន្ត Toas ស៊េរី​ឆ្នាំ ២០២២ នឹង​ចេញ​លក់​នៅ​សហរដ្ឋអាមេរិក​​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​ក្រោយ ហើយ​តម្លៃ​វិញ​រំពឹង​ថា​នឹង​ធូរ​ថ្លៃ​ជាង Tiguan រាប់​ពាន់​ដុល្លារ ដោយ​រថយន្ត Tiguan គឺ​មាន​តម្លៃ​ចាប់ពី ២៤ ៩៤៥ដុល្លារ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម