Volkswagen ចំណាយ ២,៣៥ពាន់លានដុល្លារ ទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនចិនមួយ

[ទីផ្សារបរទេស] សម្ព័ន្ធ Volkswagen Group បានចំណាយទឹកប្រាក់ប្រមាណ ២,៣៥ពាន់លាន​ដុល្លារ ដើម្បីទិញយកភាគហ៊ុន ៦០% នៃក្រុមហ៊ុនបច្ចេកវិទ្យាចិនឈ្មោះថា Horizon Robotics។

ក្រុមហ៊ុនរួមគ្នាមួយនឹងត្រូវបង្កើតឡើងក្រោមកិច្ចជួញដូរដែលធ្វើឡើងរវាងក្រុមហ៊ុនសាខាផ្នែក software របស់ Volkswagen ឈ្មោះ CARIAD និងក្រុមហ៊ុន Horizon Robotics ដោយមានគោលដៅពន្លឿនការអភិវឌ្ឍន៍នៃប្រព័ន្ធជំនួយការបើកបរ Advanced Driver Assistance System (ADAS) និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Autonomous Driving សម្រាប់ទីផ្សារប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការជួញដូរនេះរំពឹងថានឹងសម្រេចនៅឆមាសទីមួយនៃឆ្នាំ២០២៣ សារព័ត៌មាន Reuters បានបញ្ជាក់ថាក្រុមហ៊ុន CARIAD នឹងដើរតួសំខាន់ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាឈីបថ្មី ជាមួយក្រុមហ៊ុន Horizon Robotics ហើយបច្ចេកវិទ្យានេះ​នឹងត្រូវចែករំលែកទៅគ្រប់ម៉ាករថយន្តស្ថិតក្រោមសម្ព័ន្ធ Volkswagen Group។

គួរដឹងថាក្រុមហ៊ុន Horizon Robotics គឺជាដៃគូផ្គត់ផ្គង់សំខាន់របស់ក្រុមហ៊ុនរថយន្តដូចជា BYD, Audi, Continental, Li Auto និង SAIC។ ក្រុមហ៊ុននេះទទួលបានការបណ្ដាក់ទុនពី​ក្រុមហ៊ុន BYD, Great Wall Motors និង Intel ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម