Volkswagen នឹងចេញលក់តែឡានអគ្គិសនីសុទ្ធនៅអាមេរិក ខណៈ SUV ថ្មី នឹងមកដល់ក្នុងឆ្នាំ ២០២៦

ក្រុមហ៊ុន Volkswagen កំពុងដុតដៃដុតជើងធ្វើការលើរថយន្តអគ្គិសនីទ្វេរដង ខណៈដែលក្រុមហ៊ុនកំពុងវិនិយោគលុយសរុប ៧,១ពាន់លានដុល្លារ នៅអាមេរិកខាងជើង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីជំរុញផលប័ត្រផលិតផល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងតំបន់ និងសមត្ថភាពផលិត។

ដំណឹង​ដ៏​ធំ​នោះ​គឺ​ថា Volkswagen នឹង​ផលិតតែ​រថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះនៅ​ក្នុង​ប្រទេស​អាមេរិក​ ហើយ​នឹង​ចាប់​ផ្តើម​បញ្ឈប់ការផលិត​រថយន្ត​ប្រើ​សាំង​ ចេញ​ពី​ត្រកូលរថយន្ត​របស់​ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះនឹងមិនកើតឡើងក្នុងពេលត្រឹមតែមួយយប់នោះទេ ប៉ុន្តែក្រុមហ៊ុនមានបំណងចាកចេញពីការលក់រថយន្តប្រើម៉ាស៊ីនសាំង-ម៉ាស៊ូត នៅដើមទសវត្សរ៍ក្រោយ។

អ្វី​ដែល​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើលនោះគឺ វាតម្រូវ​ឲ្យមាន​ប្រភេទ​រថយន្ត​អគ្គិសនី​ថ្មី ហើយ​ចំនួន​នៃ​រថយន្ត​ទាំង​នោះ ​នឹង​ត្រូវ​បាន​ផលិត​នៅ​សហរដ្ឋ​អាមេរិក។ ដូចដែលបានប្រកាសពីមុន រោងចក្ររបស់ក្រុមហ៊ុន Volkswagen នៅទីក្រុង Chattanooga រដ្ឋ Tennessee នឹងចាប់ផ្តើមផលិតម៉ូដែល ID.4 នៅពាក់កណ្តាលឆ្នាំ ២០២២ តែម្តង។

បន្ទាប់មកក្រុមហ៊ុន Volkswagen នឹងចាប់ផ្តើមផលិតម៉ូដែល ID. Buzz នៅអាមេរិកក្នុងឆ្នាំ ២០២៤ ខណៈពេលដែលរថយន្តប្រភេទ SUV អគ្គិសនីថ្មី នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៦។ យ៉ាងណាមិញ វាគ្រាន់តែជាចំណុចចាប់ផ្តើមមួយប៉ុណ្ណោះ ខណៈដែលម៉ាក Volkswagen Group នឹងណែនាំរថយន្តអគ្គិសនីថ្មីជាង ២៥ម៉ូដែលទៀត ដល់អ្នកប្រើប្រាស់អាមេរិក រហូតដល់ឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម