[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen នឹងអាចផលិតរថយន្តអគ្គិសនីបាន ១ លានគ្រឿងក្នុងមួយឆ្នាំ នៅក្នុងប្រទេសចិន ក្នុងឆ្នាំ ២០២៣។ នេះបើតាមការលើកឡើងរបស់នាយកប្រតិបត្តិនៃម៉ាក Volkswagen Passenger Cars លោក Ralf Brandstaetter ប្រាប់ទៅកាន់សារព័ត៌មាន Nikkei កាលពីថ្ងៃពុធ ដែលជំរុញដោយរោងចក្រថ្មីមួយនៅខេត្ត Anhui។
រោងចក្រខាងលើដែលជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Anhui Jianghuai Automobile Co (JAC) របស់ប្រទេសចិន គ្រោងនឹងផលិតរថយន្តអគ្គិសនីចំនួន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដោយការផលិតនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣។
លោក Brandstaetter បាននិយាយថា រួមជាមួយនឹងការផលិតពីរោងចក្របណ្តាក់ទុនរួមគ្នាពីរបន្ថែមទៀត មួយជាមួយ FAW Group និងមួយទៀតជាមួយ SAIC Motor វាគួរតែនាំមកនូវសមត្ថភាពផលិតសរុបដល់ ១លានគ្រឿង។
គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ បានលក់រថយន្តអគ្គិសនី ត្រកូល ID របស់ខ្លួនចំនួន ៧០ ៦២៥ គ្រឿង នៅក្នុងប្រទេសចិន កាលពីឆ្នាំមុន ដោយខុសពីគោលដៅរបស់ខ្លួនក្នុងការលក់រថយន្តពី ៨០ ០០០ ទៅ ១០០ ០០០ គ្រឿង ដោយការផលិតក៏រងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងតំបន់ បន្ថែមពីលើបញ្ហាបន្ទះឈីប ផងដែរ៕
ប្រភព ៖ carscoops