ក្រុមហ៊ុន Volkswagen បានបង្ហាញចេញរថយន្តគំរូម៉ូដែល ID.Life នៅក្នុងកម្មវិធីបង្ហាញរថយន្ត Munich Motor Show ដែលរថយន្តនេះនឹងត្រូវចេញលក់នៅក្នុងឆ្នាំ២០២៥។
ID.Life នឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណ ២ម៉ឺនអឺរ៉ូ ស្មើនឹងប្រមាណ ២៣ ៧០០ដុល្លារ ដែលអាចឲ្យ Volkswagen ប្រកួតប្រជែងនឹងរថយន្តខ្នាតតូចតម្លៃ ២៥ ០០០ដុល្លារ របស់ Tesla ដែលរំពឹងថានឹងចេញនៅក្នុងឆ្នាំ២០២៣។
រថយន្តអគ្គិសនីនេះផលិតដោយប្រើប្រាស់គ្រោងឆ្អឹង MEB ទំហំតូចដែលជាគ្រោងឆ្អឹងផលិតឡើងសម្រាប់រថយន្តខ្នាតតូច ហើយវាមានប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយដែលអាចផលិតថាមពលបាន ២៣០សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៦,៩វិនាទី។
វាមានបំពាក់អាគុយទំហំ ៥៧គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយប៉ាន់ស្មានប្រមាណ ៤០០គីឡូម៉ែត្រ ហើយមានប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់មុខ៕