Volkswagen បញ្ចេញព័ត៌មានបន្ថែមពីឡានវ៉ែនអគ្គិសនី ដែលគ្រោងប្រកាសចេញខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen បានចេញផ្សាយរូបភាពថ្មីៗ ក៏ដូចជាព័ត៌មានបន្ថែមមួយចំនួនអំពីរថយន្តវ៉ែនអគ្គិសនីម៉ូដែល ID. Buzz និង ID. Buzz Cargo មុនរថយន្តទាំងពីរប្រកាសចេញជាផ្លូវការនៅថ្ងៃទី៩ ខែមីនាខាងមុខនេះ។

Volkswagen បានបញ្ជាក់ថារថយន្តអគ្គិសនីទាំងពីរនេះនឹងប្រើប្រាស់យ៉ាន់កង់ដែលមានទំហំចាប់ពី ១៨អ៉ីញ ដល់ ២១អ៉ីញ ខណៈដែល​វិមាត្ររបស់ ID. Buzz ទាំងពីរប្រភេទគឺមានប្រវែង ៤៧១២ម.ម ទទឹង ១៩៨៥ម.ម កម្ពស់ ១៩៣៧ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៩៨៨ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ID. Buzz នឹងមានបំពាក់កៅអីអង្គុយចំនួន៥ ជាមួយ​ឃ្លុបដាក់ឥវ៉ាន់ខាងក្រោយមានទំហំ ១១២១លីត្រ ចំណែក ID. Buzz Cargo មាន​បំពាក់កៅអីអង្គុយចំនួនបីប៉ុណ្ណោះ ហើយវាមានឃ្លុបដាក់ឥវ៉ាន់ខាងក្រោយទំហំធំដល់ទៅ ៣៩០០លីត្រឯណោះ សមនឹងឈ្មោះថា Cargo របស់វា។

Volkswagen បានឲ្យដឹងដែរថា ID. Buzz នឹងប្រើគ្រោងឆ្អឹង MEB ដែលមានបំពាក់អាគុយចំណុះ ៨២kWh ផ្ដល់​ថាមពល​ដល់​ម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយដែលអាចផលិតកម្លាំងបាន ២០១សេះ។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ដែរថារថយន្តវ៉ែនអគ្គិសនីនេះ​នឹង​មាន​សមត្ថភាព​សាក Plug & Charge ជាមួយល្បឿនអតិបរមា ១៤៥គ.ម/ម៉ ប៉ុន្តែមិនបានបញ្ជាក់អំពីរយៈចម្ងាយបើកបរនៅឡើយទេ។

បន្ថែមពីនេះ Volkswagen ក៏បានឲ្យតម្រុយថារថយន្តវ៉ែនអគ្គិសនីនេះនឹងផ្ដល់ជូនប្រព័ន្ធជំនួយដល់ការបើកបរមួយចំនួន ដោយក្នុងនោះគឺនឹងមានមុខងារថ្មីឈ្មោះថា Trained Parking ដែលអាចឲ្យរថយន្តបើកចេញពីទីចំណតដោយស្វ័យប្រវត្តិបាន។ មិនតែ​ប៉ុណ្ណោះ​វា​ក៏​នឹងមានបច្ចេកវិទ្យា Car2X និងមុខងារ Travel Assist ជំនាន់ចុងក្រោយផងដែរ។ ID. Buzz ទាំងពីរប្រភេទនេះនឹងចេញលក់ជាផ្លូវការនៅអឺរ៉ុប អំឡុងចុងឆ្នាំ២០២២៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម