Volkswagen លក់ឡានអគ្គិសនីត្រកូលID. ដាច់បាន ៥៨០០ គ្រឿងនៅចិន ក្នុងខែកក្កដា

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen AG បានលក់ដាច់រថយន្តអគ្គិសនីត្រកូល ID. សរុបចំនួន ៥ ៨០០គ្រឿង ក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក នៅក្នុងខែកក្កដា កើនឡើងពីចំនួនជិត ៣ ០០០ គ្រឿងកាលពីខែមុន។

ក្រុមហ៊ុន Volkswagen មានគោលដៅលក់នៅប្រទេសចិនសម្រាប់រថយន្តត្រកូល ID. ចន្លោះពី ៨០ ០០០ ទៅ ១០០ ០០០ គ្រឿងនៅឆ្នាំនេះ ហើយវាក៏អាស្រ័យលើការចែកចាយបន្ទះឈីបផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន Volkswagen កំពុងផលិត និងលក់រថយន្តស្ព័រអគ្គិសនី ID.4 និង ID.6 នៅក្រុមហ៊ុនបណ្តាក់ទុនពីររបស់ចិន។ វាក៏នឹងដាក់លក់រថយន្ត ID.3 នៅចុងឆ្នាំនេះផងដែរ។

ប្រភពមួយបានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីខែមិថុនាថា ក្រុមហ៊ុន Volkswagen មានមហិច្ឆតាក្នុងការយកឈ្នះក្រុមហ៊ុន Tesla Inc ក្នុងឆ្នាំ ២០២៥ ដោយកំពុងតែចាប់ផ្តើមយឺតៗនៅក្នុងប្រទេសចិន។

ជាមួយគ្នានេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen លោក Herbert Diess បាននិយាយកាលពីខែមុនថា ខ្លួនត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តក្នុងការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម