Volkswagen Amarok រូបរាងថ្មី ប្រកាសចេញជាផ្លូវការ

[ទីផ្សារបរទេស] Volkswagen បានប្រកាសចេញជាផ្លូវការនូវរថយន្តភីកអាប់ Amarok ជំនាន់ទីពីរ ដែល​មាន​ការ​ផ្លាស់​ប្ដូររូបរាង​ថ្មី ហើយវាមានប្រើប្រាស់គ្រោងឆ្អឹងដូចដែលប្រើលើរថយន្ត Ford Ranger ជំនាន់ថ្មីដែរ។

ក្រុមការងារឌីហ្សាញរបស់ Volkswagen បានខិតខំប្រឹងប្រែង​បង្កើតការឌីហ្សាញឲ្យរថយន្ត Amarok មានភាព​ខុស​ប្លែក​ពី Ford Ranger ដោយ​បាន​បំពាក់​នូវ​កាងមុខរាងជាអក្សរ X, មានបំពាក់មកជាស្តង់ដារនូវអំពូល LED Matrix ហើយមាន​ឌីហ្សាញ​អក្សរ “AMAROK” ធំៗនៅផ្នែកខាងក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Amarok ថ្មីនេះ​បាន​ពង្រីក​ប្រវែងកង់មុខទៅកង់ក្រោយប្រមាណ ១៧៣ម.ម ឡើងដល់ ៣២៧០ម.ម ដែល VW និយាយថា​វា​នឹង​ជួយ​ផ្ដល់​ទំហំ​ធំ​ទូលាយជាងមុនសម្រាប់អ្នកអង្គុយជួរខាងក្រោយ។ ប៉ុន្តែប្រវែងសរុប​គឺមាន​​ការ​កើនឡើង​ត្រឹម ៩៦ម.ម ហើយ​វា​មាន​សមត្ថភាពលុយទឹកដល់ជម្រៅ ៨០០ម.ម កាន់តែខ្លាំងក្លាសម្រាប់ការបើកបរ​ Off-Road ជាមួយ​មុខងារ 4-Motion ផងដែរ។

ចំពោះប្រភេទម៉ាស៊ីន មានភាពខុសគ្នាទៅតាមទីផ្សារ ដោយទីផ្សារអាហ្វ្រិក​គឺ​មាន​ចាប់ពីម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ កម្លាំង ១៤៨សេះ ខណៈដែលទីផ្សារដទៃមាន​ចាប់ពីម៉ាស៊ីនម៉ាស៊ូតកម្លាំង ១៦៨សេះ ហើយ​អតិថិជនក៏អាចរើសយកម៉ាស៊ីន Bi-Turbo ដែល​អាច​ផលិត​កម្លាំងបាន ២០៦សេះ។ ម៉ាស៊ូតខ្លាំងជាងគេគឺមានចំណុះ ៣,០លីត្រ ដែលផលិតកម្លាំងបាន ២៣៨សេះ ឬ ២៤៧សេះ អាស្រ័យ​តាម​ទីផ្សារ។

យ៉ាងណាក្ដី ម៉ាស៊ីនដែលខ្លាំងជាងគេ ហើយជាម៉ាស៊ីនសាំងតែមួយគត់គឺម៉ាស៊ីន Ford EcoBoost ចំណុះ ២,៣លីត្រ ប្រភេទ Turbocharged ដែល​ផលិតកម្លាំងបាន ២៩៨សេះ។ ចំពោះម៉ាស៊ីនដែលមាន​កម្លាំងចាប់ពីជាង ២០០សេះឡើង នឹងមានប្រអប់​លេខ​ស្វ័យប្រវត្តិ១០វគ្គ ខណៈដែលម៉ាស៊ីនកម្លាំងក្រោមនេះនឹងមាន​ជម្រើស​ប្រអប់លេខដៃ។

ការផ្លាស់ប្ដូរធំបំផុតលើរថយន្ត Amarok គឺស្ថិតនៅ​លើ​ផ្នែកខាងក្នុង ដោយ​មាន​ប្រណីតភាពខ្ពស់ជាងមុន។ ជាក់ស្ដែង​គឺវា​បាន​បំពាក់​នូវ​កុងទ័រ​ឌីជីថលថ្មី និងមានប្រព័ន្ធកម្សាន្តទំហំ ១២អ៊ីញ អមជាមួយ​មុខងារ​ជំនួយដល់​ការបើកបរចំនួន ២០ មុខងារ​ថែម​ទៀត​ផង។

រថយន្ត Volkswagen Amarok ជំនាន់ថ្មី នឹងចាប់ផ្ដើមមានលក់លើទីផ្សារចាប់ពីចុងឆ្នាំ២០២២នេះ ដោយនឹង​ចេញ​លក់​ជា​ម៉ូដែល​ឆ្នាំ​២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម