
ក្រុមហ៊ុន Volkswagen បានប្រកាសជាផ្លូវការថា រថយន្ត Volkswagen ID.4 បានក្លាយជារថយន្តអគ្គិសនី (EV) ដែលលក់ដាច់បំផុតទី ៣ នៅសហរដ្ឋអាមេរិក ក្នុងខែមករា ឆ្នាំ ២០២៥ បន្ទាប់ពី Tesla Model Y និង Model 3 ។
ចំពោះការលក់របស់ ID.4 បានកើនឡើងដល់ ៤ ៩៧៩ គ្រឿង ដែលជាកំណើន ៦៥៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈកំណើននេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Volkswagen បានដាក់លក់ ID.4 ចូលទៅក្នុងទីផ្សារឡើងវិញ ក្រោយពីបញ្ហាបច្ចេកទេសដែលធ្វើឲ្យមានការផ្អាកការផលិតជាបណ្តោះអាសន្ន។
គួរឲដឹងថា រថយន្តអគ្គិសនី Volkswagen ID.4 ស៊េរីឆ្នាំ ២០២៥ មានតម្លៃលក់ចាប់ពី ៤៥ ០៩៥ ដុល្លលារ សម្រាប់ជម្រើស RWD Pro និង ៤៨ ៩៩៥ ដុល្លារ សម្រាប់ជម្រើស AWD Pro នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ចំពោះរថយន្តនេះ ប្រើប្រាស់នូវថ្មទំហំ ៨២ គីឡូវ៉ាត់ម៉ោង អាចបើកបរក្នុងចម្ងាយរហូតដល់ ៤៦៨ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ ប៉ុន្តែនៅចុងឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនក៏មានគម្រោងដាក់លក់ម៉ូដែលដែលប្រើប្រាស់ថ្មទំហំ ៦២ គីឡូវ៉ាត់ម៉ោង ផងដែរ៕