Volkswagen Teramont X ថ្មី បង្ហាញខ្លួនជាផ្លូវការ ឌីហ្សាញរឹតតែកាច

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត Teramont X ថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន។ រថយន្តនេះត្រូវបានឌីហ្សាញចេញពីម៉ូដែល Volkswagen Atlas Cross Sport ហើយផលិតដោយក្រុមហ៊ុន SAIC សម្រាប់ទីផ្សារប្រទេសចិន។

Teramont X បានចេញលក់ដំបូងកាលពីឆ្នាំ២០១៩ ហើយចំពោះស៊េរីថ្មីនេះ វាបានទទួលការអាប់ដេតលើរូបរាងមួយចំនួន មើលទៅកាន់តែកាចជាងមុន ជាពិសេសគឺការបំពាក់យ៉ាន់កង់ពណ៌ខ្មៅរលោង ទំហំ ២១អ៊ីញ និង គម្របហ្វ្រាំងពណ៌ក្រហម។ ចំណែកឯផ្នែកខាងក្រោយ SUV នេះក៏បានបំពាក់ចង្កៀងក្រោយ LED លាតកាត់ពេញផ្ទៃខាងក្រោយ មើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងសរុប ៤,៩១ម៉ែត្រ ទទឹង ១,៩៨ម៉ែត្រ កម្ពស់ ១,៧២ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៩៨ម៉ែត្រ។ ផ្នែកខាងក្នុងវាបានបំពាក់កុងទ័រឌីជីថលទំហំ ១០,២អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ១២អ៊ីញ និង ដៃចង្កូត ៣កាំ យកតាមម៉ូដែល Volkswagen ID។

Volkswagen Teramont X បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៥សេះ ប្រើប៉ុងពីរ និងប្រអប់លេខអូតូ ៧វគ្គ សម្រាប់ម៉ូដែល 530 V6។ វាក៏មានជម្រើសម៉ាស៊ីនតូច គឺចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២១៧សេះ សម្រាប់ម៉ូដែល 380 TSI និង កម្លាំង ១៨៣សេះ សម្រាប់ម៉ូដែល 330 TSI ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់បានបង្ហាញចេញនូវតម្លៃ និងថ្ងៃចេញលក់របស់វាឡើយ ប៉ុន្តែគេរំពឹងថា វានឹងមកដល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម