Volkswagen Tiguan ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប និង Premium

292

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត Tiguan ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារអាមេរិកខាងជើង ខណៈដែលទីផ្សារអឺរ៉ុបហៅវាថា Tiguan Allspace។

រថយន្ត Volkswagen Tiguan ឆ្នាំ២០២២ ទទួលបានការឌីហ្សាញថ្មី ជាពិសេសផ្នែកខាងមុខ និងខាងក្រោយ។ វាបានបំពាក់ចង្កៀងមុខ LED ថ្មី ស្រដៀងទៅនឹងម៉ូដែល Mk8 Golf ខណៈផ្នែកខាងក្រោយក៏ជាចង្កៀង LED ថ្មីដែរ។ SUV នេះផ្តល់ជម្រើសយ៉ាន់ទំហំ ១៧អ៊ីញ ដល់ ២០អ៊ីញ ទៅតាមម៉ូដែល។

ពាណិជ្ជកម្ម

ចំណែកផ្នែកខាងក្នុងវិញ មានទំហំធំជាងស៊េរីមុនបន្តិច ហើយអាចផ្ទុកអីវ៉ាន់នៅឃ្លុបខាងក្រោយបាន ១ ៩២០លីត្រ និងថែមទាំងផ្តល់កៅអីអង្គុយដល់ ៣ជួរទៀតផង។ បន្ថែមពីនេះ កាប៊ីនខាងក្នុងរបស់វាក៏ទទួលបានការឌីហ្សាញថ្មី មើលទៅរឹតតែទំនើប និងប្រណីតជាងមុន ហើយមានបំពាក់កុងទ័រឌីជីថលទំហំ ៨អ៊ីញមកស្តង់ដារ និងអេក្រង់កម្សាន្តដល់ ១០,២៥អ៊ីញ។

រថយន្ត Volkswagen Tiguan ឆ្នាំ២០២២ សម្រាប់ទីផ្សារអាមេរិក នឹងប្រើម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៤សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ហើយផ្តល់ទាំងជម្រើសប៉ុងមួយវិលកង់មុខ និងប៉ុងពីរ។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត SUV កៅអី ៣ជួរខាងលើ មានបំពាក់មុខងារជាច្រើន រួមទាំង Forward Collision Warning with Autonomous Braking និង Side Assist ក៏ដូចជា មុខងារ IQ.Drive ទៀតផង។

រថយន្ត Volkswagen Tiguan ថ្មីនេះនឹងផ្តល់ជម្រើសម៉ូដែល ដូចជា SE, SE R-Line និង SEL R-Line៕

Sponsored