ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត Tiguan ស៊េរីឆ្នាំ២០២២ កាលពីដើមកន្លងទៅ ហើយឥឡូវនេះ ក្រុមហ៊ុនក៏បានប្រកាសពីតម្លៃរបស់វាដែរ ដែលនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២៥ ៩៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
តម្លៃប៉ុណ្ណេះបានធ្វើឲ្យ Volkswagen Tiguan ឆ្នាំ២០២២ ថ្លៃជាងស៊េរីឆ្នាំមុន ៧៥០ដុល្លារ ប៉ុន្តែបានបំពាក់កាងមុខថ្មី និងចង្កៀងមុខ LED ឌីហ្សាញថ្មី ក៏ដូចជាយ៉ាន់ Alloy ទំហំ ១៧អ៊ីញថ្មីផងដែរ។
ចូលទៅដល់ផ្នែកខាងក្នុង វាមានបំពាក់លក្ខណៈពិសេសមកស្តង់ដារមួយចំនួន ដូចជា កៅអីមុខមានមុខងារកម្តៅ, កុងទ័រឌីជីថល ទំហំ ៨អ៊ីញ, ប្រព័ន្ធ Smart Key, អេក្រង់កម្សាន្តទំហំ ៦,៥អ៊ីញ និង Speaker ចំនួន ៦គ្រាប់ជាដើម។
ក្រៅពីម៉ូដែល Tiguan S ខាងលើ ក្រុមហ៊ុន Volkswagen ផ្តល់ជម្រើសជម្រើសជាច្រើនម៉ូដែលទៀត ដូចជា Tiguan SE តម្លៃចាប់ពី ២៩ ៤៩៥ដុល្លារ, Tiguan SE R-Line Black តម្លៃចាប់ពី ៣២ ២៩៥ដុល្លារ និង Tiguan SEL R-Line តម្លៃចាប់ពី ៣៦ ៥៩៥ដុល្លារ។
គ្រប់ម៉ូដែលនៃរថយន្ត Tiguan ទាំងអស់ សុទ្ធតែបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៤សេះ និងប្រអប់លេខអូតូ ៨វគ្គ ហើយក៏មានជម្រើសប៉ុងពីរ ដែលជា Option តម្លៃ ១ ៥០០ដុល្លារ ផងដែរ៕