[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Volkswagen កំពុងត្រៀមខ្លួនប្រកាសចេញរថយន្តអគ្គិសនីថ្មីជាប្រភេទតម្លៃធូរថ្លៃសម្រាប់ទីផ្សារអឺរ៉ុប ដែលនឹងមានតម្លៃប្រមាណជាង ២ម៉ឺនដុល្លារ។
រថយន្តតម្លៃធូរនេះរំពឹងថានឹងប្រើប្រាស់ឈ្មោះ ID.1 ដែលនឹងផលិតឡើងលើគ្រោងឆ្អឹងរថយន្ត ID.3 ហើយនឹងត្រូវផលិតនៅក្នុងប្រទេសអេស្ប៉ាញ។ រូបរាងនៃរថយន្តអគ្គិសនី VW ខ្នាតតូចត្រូវបានបង្ហាញចេញកាលពីកម្មវិធីតាំងបង្ហាញរថយន្តក្រុង Munich ឆ្នាំមុន តាមរយៈរថយន្ត ID.Life Concept។
ID.1 នេះដែរ នឹងចូលមកជំនួសរថយន្ត Volkswagen e-Up ហើយសន្យាថានឹងផ្ដល់ជូនកម្លាំងខ្លាំងជាងមុន និងសន្សំសំចៃបានប្រសើរជាងមុន។ គេអាចរំពឹងម៉ូទ័រអគ្គិសនីដែលមានកម្លាំង ២២៧សេះ គួបផ្សំនឹងអាគុយចំណុះ ៥៧kWh និងចម្ងាយបើកបរ ៤០០គីឡូម៉ែត្រ។
ទោះយ៉ាងណា គេនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៥ ពេលដែលរថយន្តនេះចូលរោងចក្រផលិតនៅរោងចក្ររបស់ Volkswagen ក្នុងប្រទេសអេស្ប៉ាញ៕