Volkswagen លក់ឡានអគ្គិសនីបានច្រើនលើសមុនទ្វេដង

ក្រុមហ៊ុន Volkswagen Group ទាំងមូល អាចលក់ចេញរថយន្តអគ្គិសនីបានចំនួន ១២២ ១០០គ្រឿង នៅជុំវិញពិភពលោក ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញានៃឆ្នាំ២០២១នេះ ដោយតួលេខនេះមានការកើនឡើងទ្វេដងបើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ក្នុងទីផ្សារប្រទេសចិន ការលក់រថយន្តអគ្គិសនីរបស់ VW មានកំណើនខ្លាំងជាងគេ ដោយនៅឆមាសដំបូងក្រុមហ៊ុនអាចលក់រថយន្តបាន ១៨ ៣០០គ្រឿង ខណៈដែលនៅ​ត្រីមាសទី៣តែមួយអាចលក់ចេញបានរហូតដល់ ២៨ ៩០០គ្រឿង។ ជាមួយចំនួនលក់លើសពី ៤៧ ០០០គ្រឿង ធ្វើឲ្យទីផ្សារប្រទេសចិនមានចំណែក ២៤% នៃចំនួនលក់រថយន្តអគ្គិសនីសរុបរបស់ VW។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតពេញមួយឆ្នាំ២០២១នេះ VW អាចលក់ចេញរថយន្តអគ្គិសនីបានសរុប ២៩៣ ១០០គ្រឿង នៅទូទាំងពិភពលោក ដែលមានកំណើន ១៣៨% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះម៉ាក VW នាំមុខជាមួយចំណែក ៥៧%, Audi មានចំណែក ១៨%, Skoda មានចំណែក ១១% និង Porsche មានចំណែកតិចជាង ១០%។

រថយន្តអគ្គិសនីរបស់សម្ព័ន្ធ VW ដែលលក់ដាច់បានច្រើនជាងគេមាន Volkswagen ID.4 លក់បាន ៧២ ៧០០គ្រឿង, Volkswagen ID.3 លក់បាន ៥២ ៧០០គ្រឿង, Audi e-tron និង e-tron Sportback លក់បាន ៣៦ ១០០គ្រឿង, Porsche Taycan លក់បាន ២៨ ៦០០គ្រឿង និង Skoda Enyaq iV លក់បាន ២៨ ២០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម