[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo កំពុងអភិវឌ្ឍ និងត្រៀមធ្វើការដាក់បង្ហាញចេញនៅរថយន្ត MPV ប្រើអគ្គិសនីសុទ្ធក្នុងប្រទេសចិន ដែលទំនងជានឹងមានមូលដ្ឋានលើ Zeekr 009 ព្រោះថាទាំង Volvo និង Zeekr ត្រូវបានគ្រប់គ្រងដោយ Geely Group ហើយការចែករំលែកផ្នែករវាងម៉ូដែលទាំង ២ នឹងជួយកាត់បន្ថយការចំណាយយ៉ាងច្រើន។
ការដាក់បង្ហាញចេញរថយន្តម៉ូដែលថ្មីនេះនឹងត្រូវបានបង្ហាញនៅលើស្លាយនៃបទបង្ហាញដែលប្រធានក្រុមហ៊ុន Volvo Cars Greater China Sales Company ដោយនៅក្នុងស្លាយបានបង្ហាញថា Volvo នឹងដាក់លក់រថយន្តចំនួន ៦ គ្រឿងនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២៣ រួមមាន XC40 BEV, C40, EX90, EX90 Excellent variant, SUV ដែលមិនបញ្ចេញឈ្មោះ និង MPV ។
គួរឲ្យដឹងថារថយន្ត Zeekr 009 គឺជាប្រើប្រាស់គ្រោងឆ្អឹងរថយន្តអគ្គិសនី SEA EV platform របស់ Geely ដែលបំពាក់ជាមួយម៉ូទ័រអគ្គិសនីមួយគូ អាចផលិតកម្លាំងបាន ៥៣៦ សេះ ប៉ុង ២ វិលកង់ទាំងអស់ ។ វាត្រូវបានគេអះអាងថា Volvo នឹងមានលក្ខណៈពិសេសដូចគ្នាទាំងកម្លាំងម៉ាស៊ីន ហើយគ្រោងឆ្អឹងក៏នឹងដូចគ្នាដែរ។
សម្រាប់ព័ត៌មានលម្អិតមួយចំនួនផ្សេងទៀតត្រូវបានគេដឹងអំពីរថយន្ត Volvo SUV ប៉ុន្តែរថយន្តប្រភេទ MPV នឹងប្រើការរចនាដែលសមស្របទៅនឹងគ្រួសារ Volvo ផងដែរ។ ត្រូវបានគេសង្ស័យថា ផ្នែកខាងក្នុងកាប៊ីនរថយន្ត MPV របស់ Volvo អាចមើលទៅស្រដៀងទៅនឹង EX90 ដែលទំនងជារួមមានអេក្រង់កំសាន្តបញ្ឈរ និងកុងទ័របង្ហាញព័ត៌មានប្រភេទឌីជីថល។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយចិនបានបង្ហាញថា រថយន្តប្រភេទ MPV នឹងត្រូវបានបង្ហាញជាគំរូមួយនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ មុនពេលចាប់ផ្តើមការផលិតនៅក្នុងត្រីមាសទី ៤៕