[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo បានធ្វើការបន្ថែមជម្រើសម៉ូទ័រអគ្គិសនីមួយទៅលើត្រកូលរថយន្តអគ្គិសនី C40 Recharge ដែលនឹងមានដាក់លក់ក្នុងតម្លៃធូរជាងមុន។
រថយន្ត C40 Recharge មានម៉ូទ័រអគ្គិសនីមួយដែលបំពាក់នៅផ្នែកខាងមុខ និងប្រើប្រព័ន្ធបើកបរវិលខាងមុខ។ Volvo នៅមិនទាន់បានបញ្ចេញសមត្ថភាពរថយន្តថ្មីនេះនៅឡើយទេ ប៉ុន្តែបាននិយាយថាអាគុយ ៦៩kWh របស់វាអាចបើកបរបានចម្ងាយដលើ ៤៣៤គីឡូម៉ែត្រ និងសាកភ្លើងល្បឿនលឿនពី ១០% ឡើងដល់ ៨០% ប្រើពេលត្រឹម ៣២នាទី។
ដោយឡែកតម្លៃរបស់ C40 Recharge ម៉ូទ័រមួយនេះ នៅមិនទាន់ប្រកាសចេញនៅឡើយទេ ប៉ុន្តែការដឹកជញ្ជូនសម្រាប់ទីផ្សារអង់គ្លេសរំពឹងថានឹងចាប់ផ្ដើមអំឡុងចុងឆ្នាំ២០២២នេះ ខណៈដែលការចេញលក់នៅសហរដ្ឋអាមេរិកនៅមិនទាន់បញ្ជាក់នៅឡើយទេ។
គួរដឹងថាក្រៅពីរថយន្តប្រភេទថ្មីនេះ Volvo ក៏បានបង្ហាញចេញរថយន្ត XC40 Recharge ដែលបានដុសខាត់មុខមាត់ថ្មី ដោយបានបំពាក់ផ្ទាំងប៉ាណាមុខដែលលែងមានស៊ុម, អំពូលភ្លើង LED ប្ដូររូបរាងថ្មី អមជាមួយបច្ចេកវិទ្យា Adaptive និងមានផ្លាស់ប្ដូរកាងខាងក្រោមជាដើម៕