Volvo បង្ហាញឡានអគ្គិសនីដំបូងបង្អស់ ម៉ូដែល XC40 Recharge

ក្រុមហ៊ុនរថយន្តស៊ុយអែត Volvo បានបង្ហាញរថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួន ម៉ូដែល XC40 Recharge ជាផ្លូវការ។

Volvo បានទាយទុកថា ចាប់ពីឆ្នាំ២០២៥ ទៅ ចំនួនលក់រថយន្ត ៥០% នឹងជារថយន្តអគ្គិសនី ខណៈ ៥០% ទៀតជារថយន្ត Hybrid។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Håkan Samuelsson នាយកប្រតិបត្តិក្រុមហ៊ុន Volvo បាននិយាយថា “យើងបាននិយាយជាច្រើនដងរួចមកហើយថា សម្រាប់ក្រុមហ៊ុន Volvo Cars អនាគតគឺរថយន្តអគ្គិសនី”។

រថយន្ត XC40 Recharge នឹងក្លាយជាគូប្រជែងរបស់រថយន្ត Tesla Model Y ដោយមានកម្លាំងដល់ ៤០២សេះ ប្រើប្រព័ន្ធប៉ុងពីរ និងចម្ងាយបើកបរប្រហែល ៤០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ វាមានមុខងារសាកភ្លើងល្បឿនលឿន អាចសាកឡើងដល់ ៨០% ក្នុងពេលត្រឹម ៤០នាទីប៉ុណ្ណោះ។

លើសពីនេះ XC40 Recharge គឺជារថយន្ត Volvo ដំបូងបង្អស់ដែលបំពាក់ប្រព័ន្ធ Infotainment System ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ថ្មី ដែលចាប់ដៃបង្កើតជាមួយក្រុមហ៊ុន Google៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម