Volvo កំពុងតែត្រូវប៉ាន់ខ្លាំងជាមួយនឹងរថយន្តអគ្គិសនី

ក្រុមហ៊ុន Volvo បានបង្ហាញចេញរបាយការណ៍ប្រចាំឆមាសដំបូងនៃឆ្នាំ២០២១ ដោយរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនអាចលក់រថយន្តបានសរុប ៣៨០ ៧៥៧គ្រឿង នៅទូទាំងសកលលោក ដែលមានកំណើនចំនួន ៤១% បើធៀបនឹងឆ្នាំ២០២០។

ក្នុងខែមិថុនាតែឯង ក្រុមហ៊ុនអាចលក់រថយន្តបានចំនួន ៦៨ ២២៤គ្រឿង ដែលមានកំណើន ១១% ធៀបនឹងខែមិថុនាឆ្នាំមុន។ ហេតុផលមួយដែលនាំឲ្យ Volvo ជោគជ័យជាមួយនឹងការលក់ គឺការលក់តាមរយៈអនឡាញ ដោយការលក់តាមអនឡាញមានកំណើនគុណនឹង៥ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យចាប់អារម្មណ៍ផងដែរនោះ អតិថិជន Volvo ហាក់ជាមានចំណាប់អារម្មណ៍ជាមួយនឹងរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី មិនថាជារថយន្តអគ្គិសនីសុទ្ធ, រថយន្ត Hybrid ឬក៏រថយន្ត PHEV នោះទេ។ ប្រភេទរថយន្តទាំងនេះមានចំណែកជិត១ភាគ៤នៃចំនួនលក់សរុប ក្នុងរយៈពេល៦ខែកន្លងមកនេះ ដែលវាមានកំណើនរហូតដល់ជិត ១៥០% បើធៀបនឹងឆ្នាំមុន។

ទីផ្សារធំជាងគេរបស់ Volvo គឺនៅអឺរ៉ុប ដែលក្រុមហ៊ុនអាចលក់បានចំនួន ១៦៦ ៨២២គ្រឿង ក្នុងពេល៦ខែដំបូងនៃឆ្នាំ២០២១ ខណៈប្រទេសចិនជាទីផ្សារធំបន្ទាប់ អាចលក់ចេញបាន ៩៥ ២៥២គ្រឿង និងសហរដ្ឋអាមេរិកអាចលក់ចេញបាន ៦៣ ៧៥៤គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម