Volvo ចង់ផលិតតែឡានអគ្គិសនីសុទ្ធ ត្រឹមឆ្នាំ២០៤០

ក្រុមហ៊ុន Volvo បានឱ្យដឹងថា ខ្លួននឹងក្លាយជាម៉ាករថយន្តអគ្គិសនីសុទ្ធ នៅដំណាក់កាលណាមួយ នាពេលអនាគត។ នេះបើយោងតាមគេហទំព័រ Autocar។

បន្ទាប់ពីបានប្រកាសចេញនូវរថយន្តអគ្គិសនីដំបូងបង្អស់ម៉ាក Volvo XC40 Recharge លោក Hakan Samuelsson មេធំរបស់ក្រុមហ៊ុន Volvo បានប្រាប់ឱ្យដឹងថា ការផ្លាស់ប្តូរទៅផលិតតែរថយន្តអគ្គិសនីសុទ្ធ នឹងស្ថិតលើតម្រូវការរបស់អតិថិជន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

“អ្នកដែលនឹងកំណត់ពេលវេលា គឺជាអតិថិជន។ នៅពេលតម្រូវការរថយន្តអគ្គិសនីកាន់តែខ្ពស់ យើងនឹងឈប់ផលិតរថយន្តប្រើប្រេងឥន្ធនៈកាន់តែលឿន”។ នេះបើតាមសម្តីលោក Hakan។

គួរឱ្យដឹងថា Volvo មានចក្ខុវិស័យក្លាយជាអ្នកផលិតរថយន្តមិនបំពុលដល់បរិស្ថានត្រឹមឆ្នាំ២០៤០ ហើយដើម្បីសម្រេចគោលដៅនេះបាន ក្រុមហ៊ុនរថយន្តស៊ុយអែតខាងលើត្រូវបញ្ឈប់ការផលិតរថយន្តប្រើប្រេងឥន្ធនៈ មុនពេលកំណត់នោះមកដល់។

លើសពីនេះទៅទៀត Volvo ចង់ឱ្យលក់រថយន្តអគ្គិសនីឱ្យបានចំនួនពាក់កណ្តាល នៃចំនួនលក់សរុបត្រឹមឆ្នាំ២០២៥ ហើយនឹងប្រកាសចេញនូវរថយន្តអគ្គិសនីសុទ្ធ និង Plug-in Hybrid ត្រកូល “Recharge” ថ្មីក្នុងពេលប៉ុន្មានឆ្នាំខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម