ក្រុមហ៊ុន Volvo បានសហការជាមួយក្រុមហ៊ុន Vodafone Automotive ដោយផ្តល់ឲ្យអតិថិជននូវ Option មួយ សម្រាប់អតិថិជននៅចក្រភពអង់គ្លេស របស់ពួកគេ គឺឧបករណ៍តាមដានថ្មីមួយដើម្បីប្រយុទ្ធប្រឆាំងនឹងចោរលួចរថយន្ត។
ទោះបីជាមានការជឿនលឿនផ្នែកបច្ចេកវិទ្យាក៏ដោយ ឧក្រិដ្ឋកម្មលើរថយន្តបានកើនឡើង ហើយនៅតែមានការលួចរថយន្ត ច្រើនជាង ៨៩ ៤០០ គ្រឿង នៅក្នុងប្រទេសអង់គ្លេស និងវែល ក្នុងឆ្នាំ ២០២០-២០២១។
ភាគច្រើននៃការលួចរថយន្ត គឺដោយសារប្រព័ន្ធសោទំនើប keyless entry systems។ ទោះបីជាប្រព័ន្ធបែបនេះត្រូវបានពេញចិត្តដោយម្ចាស់រថយន្តថ្មីជាច្រើន ដោយសារតែភាពងាយស្រួលរបស់វាក៏ដោយ ក៏វាបើកនូវភាពងាយរងគ្រោះ ព្រោះចោរលួចរថយន្តអាចបញ្ជូនសញ្ញាពី សោ keyless entry keys រួចចម្លង “រលកសញ្ញា” របស់វា និងប្រើប្រាស់វានៅលើឧបករណ៍ដាច់ដោយឡែកដើម្បីបើករថយន្តទៅឆ្ងាយ។
គួរឲ្យដឹងថា កាលពីដើមឆ្នាំនេះ ចោរលួចរថយន្ត ៣នាក់ត្រូវបានចាប់ខ្លួននៅចក្រភពអង់គ្លេស បន្ទាប់ពីបានលួចរថយន្ត Mitsubishi Outlander ចំនួន ៧គ្រឿង ជាមួយនឹងឧបករណ៍ដែលក្លែងធ្វើជាម៉ាស៊ីនហ្គេម Nintendo Game Boy។
យ៉ាងណាមិញ ដំណោះស្រាយរបស់ Volvo សាមញ្ញណាស់ ពោលគឺប្រព័ន្ធនឹងស្គាល់កាតតូចមួយ ដែលកាន់ដោយអ្នកបើកបរ។ ប្រសិនបើកាតនោះមិននៅជាមួយអ្នកបើកបរ ប៉ុន្តែរថយន្តកំពុងបើកបរ នោះក្រុមហ៊ុន Vodafone Automotive ត្រូវបានជូនដំណឹងភ្លាមៗ។
បន្ទាប់មក ប្រតិបត្តិករនឹងទាក់ទងទៅប៉ូលីសក្នុងតំបន់ ហើយអាចផ្តល់នូវទីតាំងរយៈពេល ១នាទីមុនរបស់រថយន្ត។ វាក៏អាចកំណត់ទីតាំងរបស់រថយន្ត ក្នុងចម្ងាយ ១០ ម៉ែត្រពីទីតាំងរថយន្ត ដោយមានការត្រួតពិនិត្យ ២៧ម៉ោង/៧ថ្ងៃ នៅទូទាំងចក្រភពអង់គ្លេស និងតំបន់ភាគច្រើននៃទ្វីបអឺរ៉ុប៕