[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Volvo បានរាយការណ៍ពីប្រាក់ចំណេញដែលរកបានចំនួនប្រមាណ ៦០៤លានដុល្លារ នៅអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ ដែលក្រុមហ៊ុនបានហៅលទ្ធផលហិរញ្ញវត្ថុនេះថាជាលទ្ធផលស្ថិរភាពមួយ។
យ៉ាងណា ប្រាក់ចំណេញនេះមានការថយចុះប្រមាណ ២៣៦លានដុល្លារ បើធៀបនឹងរយៈពេលបីខែដំបូងនៃឆ្នាំ២០២១ ក៏ដោយសារតែបញ្ហានៃសង្វាក់ផ្គត់ផ្គង់ ដែលបានក្លាយជាវិបត្តិសកលអូសបន្លាយរាប់ខែ និងអាចបន្តកើតមានយូរអង្វែងតទៀត។
ជាមួយការផលិតដែលដំណើរមិនពេញលេញ Volvo អាចលក់រថយន្តសរុបបានចំនួន ១៤៨ ២៩៥គ្រឿង នៅទូទាំងពិភពលោក កាលពីត្រីមាសទីមួយ ដែលថយចុះ ២០% ធៀបនឹងត្រីមាសទីមួយនៃឆ្នាំ២០២១។ ក្នុងនោះដែរ រថយន្តអគ្គិសនីមានចំណែក ៨% នៃការលក់ ដែលបានកើនឡើង ២% ធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០២១។
Volvo បាននិយាយថាខ្លួនអាចប្រាក់ចំណូលពីការលក់រថយន្តអគ្គិសនីសុទ្ធ Volvo XC40 Recharge និង Volvo C40 Recharge មួយគ្រឿងៗ គឺបានច្រើនជាងប្រាក់ចំណូលដែលបានពីរថយន្តលក់ដាច់ជាងគេលំដាប់ទីពីររបស់ខ្លួន នោះគឺរថយន្ត Volvo XC40។ ប៉ុន្តែប្រាក់ចំណេញមានកម្រិតទាប ដោយសារតែការផលិតរថយន្តអគ្គិសនី បង្កើនការចំណាយច្រើន។
គួរដឹងថា Volvo XC60 នៅតែជារថយន្តលក់ដាច់ជាងគេ ដែលលក់បាន ៤៤ ៩០០គ្រឿង ខណៈដែលរថយន្ត XC40 ប្រភេទសាំង និងប្រភេទ PHEV អាចលក់ចេញបាន ៣៤ ៤០០គ្រឿង និងរថយន្ត XC90 លក់បានចំណួន ១២ ២០០គ្រឿង។ ចំណែក C40 Recharge អាចលក់ចេញបាន ៣ ៦០០គ្រឿងផងដែរ៕