ថ្មីៗនេះក្រុមហ៊ុនរថយន្តស៊ុយអែត Volvo បានប្រកាសពីគម្រោងនៃរថយន្តអគ្គិសនីជំនាន់ទី២ និងទី៣ របស់ខ្លួន។
ក្នុងអំឡុងព្រឹត្តិការណ៍ Volvo Cars Tech Moment ក្រុមហ៊ុន Volvo Cars បានប្រកាសពីគម្រោងបច្ចេកវិទ្យានាថ្ងៃអនាគតរបស់ខ្លយន ស្របពេលដែលក្រុមហ៊ុននេះកំពុងតែឆ្ពោះ និងក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ នៅត្រឹមឆ្នាំ២០៣០។
ក្នុងនោះដែរ ក្រុមហ៊ុន Volvo បានប្រកាសជាផ្លូវការថា រថយន្តអគ្គិសនីជំនាន់ទី២ និងទី៣ របស់ខ្លួន នឹងផ្តោតខ្លាំងទៅលើចម្ងាយបើកបរ និងល្បឿនសាកភ្លើងលឿន។
គួរឲ្យដឹងថា រថយន្តអគ្គិសនីជំនាន់ទី២ របស់ Volvo នឹងចាប់ផ្តើមជាមួយនឹងម៉ូដែល Volvo XC90 ដែលនឹងត្រូវផលិតផ្អែកលើគ្រោងឆ្អឹង Next-generation Electric Architecture របស់ Volvo Car Group។ វានឹងត្រូវផលិតចាប់ពីឆ្នាំ២០២២ ហើយមានតែជម្រើសប្រើអគ្គិសនីសុទ្ធប៉ុណ្ណោះ ជាមួយនឹងម៉ូដែល Polestar 3។
ចំណែកឯរថយន្តអគ្គិសនីជំនាន់ទី៣ នឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ២០២៥ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ ពោលគឺអាចមានសមត្ថភាពបើកបរដល់ចម្ងាយ ១ ០០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕