Volvo វិនិយោគជាង ៣ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍អាគុយឡានអគ្គិសនី

Volvo កំពុងតែផ្តោតខ្លាំងលើនិរន្តរភាព ដោយថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តស៊ុយអែតខាងលើបានប្រកាសថា ខ្លួននឹងលែងផ្តល់ Option ស្បែក នៅក្នុងរថយន្តរបស់ខ្លួនចាប់ពីឆ្នាំ ២០៣០ តទៅ ហើយរថយន្តនាពេលអនាគតរបស់ខ្លួន នឹងមានភាពស្និទ្ធស្នាលជាមួយបរិស្ថាន។

ជាមួយគ្នានេះដែរ Volvo XC90 ដែលជារថយន្តដ៏ល្បីល្បាញ និងជាទីពេញចិត្តបំផុតក្នុងត្រកូលរថយន្ត Volvo បច្ចុប្បន្ន នឹងមានប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ហើយកំពុងស្ថិតក្នុងដំណើរការដើម្បីទទួលបានឈ្មោះថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Volvo ក៏បានប្រកាសពីការវិនិយោគដ៏ធំក្នុងការអភិវឌ្ឍន៍ និងផលិតអាគុយរថយន្តអគ្គិសនី ដែលមានតម្លៃលើ ៣,៣ ពាន់លានទៅទៀត។

ក្នុងនោះ ក្រុមហ៊ុន Volvo Cars និង Northvolt នឹងបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា នៅទីក្រុង Gothenburg ប្រទេសស៊ុយអែត ដែលជាផ្នែកមួយនៃការវិនិយោគខាងលើ។ នៅពេលដែលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីនេះត្រូវបានបង្កើតឡើង រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មីមួយ នឹងត្រូវបានសាងសង់នៅក្នុងទ្វីបអឺរ៉ុប ដើម្បីផលិតអាគុយទំនើបជំនាន់ក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ ទីតាំង​សម្រាប់​រោងចក្រ​ខាងលើនេះ​មិន​ទាន់​ត្រូវ​បាន​ឯកភាព​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុននឹងបញ្ជាក់​ច្បាស់នៅ​ដើម​ឆ្នាំ​ក្រោយ​តែម្តង។

នៅពេលដែលរោងចក្រនេះដំណើរការ ក្រុមហ៊ុន Volvo ព្យាករណ៍ថា សមត្ថភាពប្រចាំឆ្នាំរបស់ខ្លួនមានសក្តានុពលដល់ ៥០ ជីហ្គវ៉ាត់ម៉ោង (GWh) ដែលនឹងផ្គត់ផ្គង់អាគុយសម្រាប់រថយន្តប្រហែលកន្លះលានគ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម