[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនរថយន្ត Volvo Cars បានប្រកាសថាខ្លួននឹងសាងសង់រោងចក្រអាគុយថ្មីមួយសម្រាប់រថយន្តអគ្គិសនីជំនាន់ក្រោយនៅក្នុងប្រទេសស៊ុយអែតនៅក្នុងឆ្នាំ ២០២៥ ដោយសហការជាមួយក្រុមហ៊ុន Northbolt ។
សម្រាប់ក្រុមហ៊ុន Northbolt គឺជាអ្នកផ្គត់ផ្គង់នៅអឺរ៉ុបផ្តល់នូវកោសិកាថ្ម និងអាគុយដែលមានគុណភាពខ្ពស់ប្រកបដោយនិរន្តរភាព។ ដើម្បីដំណើរការការផ្លាស់ប្តូរទៅជាក្រុមហ៊ុនដែលកាត់បន្ថយនូវការបំភាយឧស្ម័ននៅអឺរ៉ុប ក្រុមហ៊ុនកំពុងតែផលិតអាគុយលីចូម-អ៊ីយ៉ុង ជាមួយនឹងការកាត់បន្ថយការបំភាយឧស្ម័ន CO2 ។ បន្ថែមពីនេះមកទល់នឹងពេលនេះ ក្រុមហ៊ុន Northbolt បានចុះកិច្ចព្រមព្រៀងដែលមានតម្លៃរហូតទៅដល់ ២៧ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន BMW និង Volkswagen។
ចំពោះការសាងសង់រោងចក្រថ្មីនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ ដើម្បីផលិតកោសិកាថ្មសម្រាប់រថយន្ត Volvo និង Polestar ជំនាន់ក្រោយ។ ហើយរោងចក្រថ្មីនេះនឹងមានសមត្ថភាពផលិតថ្មប្រចាំឆ្នាំជាអតិបរមា ៥០ ជីហ្គាវ៉ាត់ម៉ោង ហើយនឹងផ្គត់ផ្គង់អាគុយដល់រថយន្តចំនួន ៥០០,០០០ គ្រឿងជារៀងរាល់ឆ្នាំ។
ហើយរោងចក្រថ្មីនេះនឹងត្រូវសាងសង់នៅក្នុងទីក្រុង Gothenburg ប្រទេសស៊ុយអែត ហើយនឹងមានអត្ថប្រយោជន៍ទាក់ទងនឹងការចូលទៅកាន់រោងចក្រដំឡើងដ៏ធំបំផុតរបស់ក្រុមហ៊ុន Volvo Cars និងថាមពលកកើតឡើងវិញ។
សូមបញ្ជាក់ថាកិច្ចសន្យាផ្គត់ផ្គង់ថ្មនេះ ត្រូវបានការសហការជាមួយក្រុមហ៊ុន Northbolt នឹងធានាបាននូវតម្រូវការកោសិកាថ្មនៅក្នុងទ្វីបអឺរ៉ុប ដែលជាផ្នែកមួយនៃមហិច្ឆតារបស់ក្រុមហ៊ុន Volvo Cars។ បន្ថែមពីនេះ Volvo Cars មានបំណងផលិតរថយន្តអគ្គិសនីសុទ្ធ ១០០% នៅត្រឹមឆ្នាំ ២០៣០ផងដែរ៕