Volvo កើនប្រាក់ចំណូល ៣០% ទោះបីលក់បានតិចជាងមុន

[ទីផ្សារបរទេស] ប្រាក់ចំណូលរបស់ Volvo បានកើនឡើង ៣០% នៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលចំនួនលក់មានការថយចុះដោយសារបញ្ហាផ្គត់ផ្គង់ និងការបិទខ្ទប់នៅប្រទេសចិន។

ក្រុមហ៊ុនស៊ុយអែតនេះ លក់រថយន្តបានចំនួន ១៣៨ ០០០គ្រឿង គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ដែលថយចុះ ៨% ធៀបនឹងចំនួនលក់ ១៥០ ០០០គ្រឿង កាលពីត្រីមាសទីបី នៃឆ្នាំ២០២១។

Volvo XC40 Recharge Twin

ប្រាក់ចំណូលគិតត្រឹមត្រីមាសទីបី មានប្រមាណ ៧,២៩ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណេញសរុបមានប្រមាណ ៣២១លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុនការបង្ហាញចេញរថយន្តអគ្គិសនី SUV EX90 នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ការលក់រថយន្តអគ្គិសនីរបស់ Volvo មានលទ្ធផលល្អនៅឡើយ ដោយចំនួនលក់នៅត្រីមាសទីបី បានកើនឡើង ៨៧%។ ក្នុងខែកញ្ញាតែឯង ចំនួនលក់របស់រថយន្តអគ្គិសនីមានចំនួន ៦ពាន់គ្រឿង ស្មើនឹង ១២% នៃចំនួនលក់សរុប។

Volvo បានកាត់បន្ថយការបំពុលបរិស្ថានបានច្រើនគួរកត់សម្គាល់ ដោយទំហំបំពុលក្នុងមួយរថយន្តបានថយចុះ ១១,៨% ធៀបនឹងឆ្នាំ២០១៨ ជាមួយគោលដៅបន្ថយឲ្យបាន ៤០% នៅត្រឹមឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម