Volvo ចាយលុយ ៨២លានដុល្លារ ដើម្បីផលិតម៉ូទ័រអគ្គិសនីឡានខ្លួនឯង

ក្រុមហ៊ុន Volvo ទើបតែបានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតម៉ូទ័រអគ្គិសនី នៅឯរោងចក្រផលិតម៉ាស៊ីនរបស់ខ្លួន ក្នុងទីក្រុង Skövde ប្រទេសស៊ុយអែត ស្របពេលដែលវាកំពុងខិតទៅរកការផលិតតែរថយន្តអគ្គិសនីសុទ្ធ។

ក្រុមហ៊ុនផលិតរថយន្តខាងលើនឹងវិនិយោគលើទំហំទឹកប្រាក់ចំនួន ៨២,៥លានដុល្លារ ដើម្បីបង្កើតផលិតកម្មម៉ូទ័រអគ្គិសនីក្នុងផ្ទះ។ នៅក្នុងដំណាក់កាលដំបូង រោងចក្រ Skövde នឹងគ្រាន់តែដំឡើងម៉ូទ័រអគ្គិសនីធម្មតា ខណៈដំណាក់កាលចុងក្រោយ វានឹងចាប់ផ្តើមដំណើរការផលិតពេញលេញទាំងស្រុងនៅក្នុងផ្ទះតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Javier Varela អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការឧស្សាហកម្ម និងគុណភាពនៅក្រុមហ៊ុន Volvo បានមានប្រសាសន៍ថា “រថយន្ត Volvo ដំបូងបង្អស់ពីឆ្នាំ ១៩២៧ ត្រូវបានបំពាក់ដោយម៉ាស៊ីនមួយ ដែលបានផលិតនៅរោងចក្រ Sköde”។ លោកបន្តថា “ក្រុមការងារនេះមានជំនាញខ្ពស់ និងប្តេជ្ញាធ្វើតាមស្តង់ដារគុណភាពខ្ពស់បំផុត។ ដូច្នេះវាសមហេតុផល ដែលពួកគេនឹងក្លាយជាផ្នែកមួយ នៃអនាគតដ៏រំភើបរបស់យើង”។

ការរចនា និងការអភិវឌ្ឍម៉ូទ័រអគ្គិសនីដែលបច្ចុប្បន្នត្រូវបានប្រើដោយ Volvo ធ្វើឡើងនៅទីក្រុង Gothenburg ប្រទេសស៊ុយអែត និង ទីក្រុងសៀងហៃ ប្រទេសចិន។ នៅពេលដែលការផលិតម៉ូទ័រអគ្គិសនីនៅឯរោងចក្រ Skövde ចាប់ផ្តើមការផលិតម៉ាស៊ីនចំហេះខាងក្នុង នឹងត្រូវផ្ទេរទៅឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដាច់ដោយឡែករបស់ក្រុមហ៊ុន Volvo គឺ Powertrain Engineering Sweden ដែលនឹងត្រូវរួមបញ្ចូលគ្នាជាមួយប្រតិបត្ដិការម៉ាស៊ីនចំហេះរបស់ក្រុមហ៊ុន Geely នាពេលក្រោយ។

គួរឲ្យដឹងថា ក្រុមហ៊ុន Volvo ចង់ឲ្យពាក់កណ្តាលនៃការលក់ជាសកលរបស់ខ្លួន ក្លាយជារថយន្តអគ្គិសនីទាំងអស់ នៅត្រឹមឆ្នាំ ២០២៥ ខណៈសល់ប៉ុន្មានគឺរថយន្ត Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម