ការសិក្សាដោយក្រុមហ៊ុន Volvo Motors មួយ បាននិយាយថា ដំណើរការផលិតរថយន្តអគ្គិសនី C40 Recharge បង្កើតការបំភាយឧស្ម័នពុល ច្រើនជាងរថយន្ត XC40 ប្រើសាំង ដល់ទៅ ៧០ភាគរយឯណោះ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអាយុកាលរបស់រថយន្តត្រូវបានរាប់បញ្ចូល នោះរថយន្តអគ្គិសនីនឹងមានប្រៀបជាង បើប្រៀបធៀបទៅនឹងរថយន្តប្រើប្រេងឥន្ធនៈ។
គួរឲ្យដឹងថា ការសិក្សារបស់ Volvo គិតគូរពីដំណើរជីវិតរបស់កាបូននីមួយៗ ហើយរួមបញ្ចូលទាំង ការជីកយករ៉ែនៃវត្ថុធាតុដើម ដំណើរការផលិត ការសាកភ្លើង ហើយបន្ទាប់មកបើកបររថយន្តក្នុងចម្ងាយ ២០០ ០០០គីឡូម៉ែត្រ មុនពេលបោះបង់រថយន្តចោល។
ក្រុមហ៊ុន Volvo និយាយថា ចំណុចចំណេញនឹងអាស្រ័យលើរបៀបដែលអគ្គិសនីត្រូវបានបង្កើត។ ការសិក្សានេះបានលើកឡើងពីសេណារីយ៉ូចំនួន ៣ ផ្សេងគ្នា ដោយផ្អែកលើការផ្គត់ផ្គង់អគ្គិសនីជាសកលជាមធ្យម, តុល្យភាព EU28 ដែលបានព្យាករនៃទាំងថាមពលកកើតឡើងវិញ និងធម្មតា និងចុងក្រោយគឺ ថាមពលកកើតឡើងវិញពេញលេញ (full-on renewable energy)។
យ៉ាងណាមិញ បើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Volvo ការប្រើប្រាស់រថយន្តអគ្គិសនីយូរ ទើបអាចបញ្ជាក់ថា វាមិនសូវបំពុលបរិស្ថានជាងរថយន្តប្រើប្រេងឥន្ធនៈ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាផ្អែកលើគ្រោងឆ្អឹងដូចគ្នា និងប្រើគ្រឿងជាច្រើនដូចគ្នាក៏ដោយ ការផលិតរថយន្តអគ្គិសនីនាំមកនូវការបំភាយឧស្ម័នពុលកាន់តែច្រើន ដោយអាគុយតែមួយមុខ មានជិត ១ភាគ៣ ទៅហើយ៕