ក្រោយពីរថយន្ត Recharge ដែលជារថយន្តអគ្គិសនីដំបូងរបស់ខ្លួនទទួលបានភាពរីកចម្រើនខ្លាំងកាលពីឆ្នាំមុន នាពេលនេះ Volvo បានប្រកាសថាខ្លួននឹងបង្កើនការផលិតរថយន្តអគ្គិសនីនៅរោងចក្រ Ghent នៅប្រទេសបែលហ្សិកឲ្យបានមួយទ្វេជាបីត្រឹមឆ្នាំ ២០២២។
រោងចក្រខាងលើនេះគឺមានផលិតរថយន្ត XC40 Recharge និងប្រភេទ PHEV នៃរថយន្ត CX40 ហើយវាក៏នឹងត្រូវផលិតរថយន្តអគ្គិសនីថ្មីរបស់ Volvo ចាប់ផ្ដើមពីចុងឆ្នាំ ២០២១។
ប្រធានផ្នែកប្រតិបត្តិការនិងគុណភាពរបស់ Volvo បាននិយាយថា ៖ “អនាគតរបស់យើងគឺរថយន្តអគ្គិសនី ហើយអតិថិជនទំនងជាពេញចិត្តអ្វីដែលពួកគេបានឃើញតាមរយៈរថយន្ត Recharge របស់យើង។ តាមរយៈការបន្តបង្កើនចំនួនម៉ូដែលរថយន្តអគ្គិសនី និងបង្កើនការផលិតរថយន្តអគ្គិសនីរបស់យើង នោះរោងចក្រ Ghent នឹងជាអ្នកបើកផ្លូវសម្រាប់ការផលិតរបស់យើង។”
គួរដឹងថា Volvo នឹងបញ្ចេញរថយន្តអគ្គិសនីជាច្រើនម៉ូដែលនៅថ្ងៃអនាគត ដោយសារក្រុមហ៊ុននេះចង់ឲ្យពាក់កណ្ដាលនៃចំនួនលក់សរុបលើសកលរបស់ខ្លួនគឺចេញពីរថយន្តអគ្គិសនី ដែលជាផែនការចង់សម្រេចឲ្យបានត្រឹមឆ្នាំ ២០២៥៕