ក្រុមហ៊ុន Volvo បានធ្វើការប្រកាសអំពីតម្លៃរថយន្តអគ្គិសនី C40 Recharge ឆ្នាំ ២០២២ ផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ជាមួយជម្រើស ២ម៉ូឌែល។
ជម្រើសទាំង ២ម៉ូឌែលនោះរួមមាន Plus និង Ultimate ដោយវាមានតម្លៃចាប់ពី ៥៨ ៧៥០ដុល្លារ ខណ:ពេលពុំទាន់កាត់ប្រាក់លើកទឹកចិត្តរបស់រដ្ឋាភិបាល ៧ ៥០០ដុល្លារ បន្ថែមជាមួយជម្រើសចំនួន ៧ពណ៌។
Volvo C40 គឺបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដូចរថយន្ត XC40ដែរ ដែលអាចបង្កើតបានកម្លាំងសរុប ៤០២សេះ កម្លាំងរមួល ៦៦០Nm។ អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម\ម៉ ប្រើពេល ៤,៥វិនាទី និងមានអតិបរមា ១៨០គ.ម\ម៉ោង។
សម្រាប់កញ្ចប់អាគុយទំហំ ៧៨kWh ដែលមានលើរថយន្តនេះ អាចឲ្យវាបើកបរដោយប្រើកម្លាំងអគ្គិសនីសុទ្ធបានចម្ងាយ ៤២០គីឡូម៉ែត្រ ហើយសម្រាប់ការសាកដោយប្រើឆ្នាំងសាកទំហំ ១១kW AC Type 2 វាចំណាយពេល ៧,៥ម៉ោង និង ១៥០ kW DC ចំណាយពេល ៥០នាទី ដើម្បីធ្វើការសាកពេញម្តង។ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ម្ចាស់រថយន្ត C40 Recharge ឆ្នាំ ២០២២ នឹងទទួលបាននូវការសាកថ្មកម្លាំង ២៥០គីឡូវ៉ាត់ម៉ោង ចំនួន ៣ឆ្នាំដោយឥតគិតថ្លៃ៕