[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Volvo បានរាយការណ៍ថាឆ្នាំ២០២១ បានក្លាយជាឆ្នាំដែលខ្លួនអាចរកប្រាក់ចំណូល និងប្រាក់ចំណេញបានខ្ពស់ជាងគេ ទោះបីជាទទួលរងនូវវិបត្តិខ្វះខាតឈីបសកលក៏ដោយក្ដី។
ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណេូលប្រមាណ ៣០,២ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១ ដែលមានការកើនឡើងពីប្រាក់ចំណូល ២៨,២ពាន់លានដុល្លារ កាលពីឆ្នាំ២០២០ ខណៈដែលប្រាក់ចំណេញបានកើនឡើងចំនួនប្រមាណ ១,២៧ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២០។
មុនការចាកចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុននៅខែមីនាខាងមុខនេះ លោក Håkan Samuelsson បានមានប្រសាសន៍ថា ៖ “២០២១គឺជាឆ្នាំដែលគួរតែមានមោទនភាពសម្រាប់ Volvo Cars។ ទោះបីជាមានបញ្ហាខ្វះខាតគ្រឿងបន្លាស់ក្នុងឧស្សាហកម្មយានយន្ត យើងអាចបង្កើនទំហំទីផ្សារសកល និងទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មាន។”
កាលពីឆ្នាំកន្លងទៅនេះ Volvo Cars អាចលក់រថយន្តចេញបានសរុប ៦៩៨ ៦៩៣គ្រឿង ដែលកើនឡើង ៥,៦% ធៀបនឹងឆ្នាំ២០២០ ដោយរថយន្តពេញនិយមជាងគេគឺ XC60 អាចលក់ចេញបាន ២១៥ ៦៣៥គ្រឿង និងបន្តបន្ទាប់ទៀតគឺរថយន្ត XC40 និង XC90។
ដោយឡែករថយន្ត S60 និង S90 បានបន្តធ្លាក់ចុះចំនួនលក់ ដោយរថយន្តទាំងពីរបូកបញ្ចូលគ្នាលក់មិនបានដល់ ១០ម៉ឺនគ្រឿងផង ហើយរថយន្ត V60 និង V90 សរុបចូលគ្នាលក់ចេញបាន ៧៦ ៦០០គ្រឿង។
នៅអំឡុងឆ្នាំ២០២២នេះ Volvo នឹងបង្កើនការផលិតរថយន្តអគ្គិសនីសុទ្ធដល់ ១៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ ហើយរំពឹងថាការលក់រថយន្តអគ្គិសនីឆ្នាំនេះ នឹងមានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២១៕