Voyah Passion L PHEV ប្រើអគ្គិសនីសុទ្ធជិះបានដល់ ៤១០ គីឡូម៉ែត្រ ដាក់​លក់​នៅចិនក្នុង​តម្លៃជិត៤មុឺនដុល្លារ

កាលពី​ថ្ងៃទី ១០ ខែ​ធ្នូ ម៉ាកយីហោ Voyah របស់​ក្រុមហ៊ុន Dongfeng បាន​ដាក់​លក់​រថយន្ត Voyah  Passion L plug-in hybrid sedan របស់​ខ្លួន​នៅ​ប្រទេស​ចិន ផ្ដល់មកជាមួយជម្រើស២ម៉ូឌែល ដាក់លក់ក្នុងតម្លៃ​ចន្លោះ​ពី ២៧៩ ៩០០ ដល់ ៣០៩ ៩០០ យ៉ន់ ស្មើនិងប្រមាណចន្លោះពី ៣៩ ៦០០ ដល់ ៤៣ ៨០០ ដុល្លារ​។

រថយន្ត​ថ្មី​នេះ​បំពាក់មកជាមួយ​ស្ថាបត្យកម្ម ៨០០ វ៉ុល (800V architecture), ដំណើរដោយម៉ូទ័រ​អគ្គិសនីចំនួន២, បំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រង Huawei Qiankun ADS 4.0 និង​មានចម្ងាយ​ធ្វើបើកបរ​សរុបរហូតដល់ ១ ៤០០ គីឡូម៉ែត្រ។​ ចំពោះទំហំរូបរាងនៅផ្នែកខាថក្រៅរថយន្ត Voyah Passion L មានប្រវែងតួខ្លួនសរុប ៥ ១២៥មម ទទឹង ១ ៩៨៥មម កម្ពស់ ១ ៥២២មមនិងមានប្រវែងគម្លាតកង់មុខក្រោយ ៣ ០១០មម។

រថយន្ដនេះក៏ផ្ដល់មកជាមួយជម្រើសពណ៍ចំនួន ៦ផ្សេងគ្នា អនុញ្ញាតឲ្យអ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​ពណ៍តាមចិត្ដដែលខ្លួនស្រឡាញ់។ បើនិយាយពីកម្រិតសុវត្ថិភាពវិញក៏មិនធម្មតាដែរ តួ​រថយន្ត​ធ្វើ​ពី​អាលុយមីញ៉ូម​សុទ្ធ (all-aluminum chassis) ផ្ដល់នូវការការពារសុវត្ថិភាពខ្ពស់ ខណៈប្រព័ន្ធបូមវិញ នៅផ្នែកខាងមុខបំពាក់ជាមួយបូមឯករាជ្យ​ប្រភេទ double-wishbone និងបូម five-link នៅ​ផ្នែកខាងក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Voyah Passion L PHEV ក៏បំពាក់ជាមួយប្រព័ន្ធ​ចង្កូត​ឯករាជ្យ​អាចបត់កង់​ក្រោយ​បាន ១០ ដឺក្រេ និង​ប្រព័ន្ធ​បូមខ្យល់  ដែល​អាច​លៃតម្រូវ​កម្ពស់​បាន ៦៥ មីល្លីម៉ែត្រ រួម​ជាមួយ​នឹង​ប្រព័ន្ធ​ទប់​លំនឹង CDC dampers ។ ក្រៅពីបំពាក់ជាមួយប្រព័ន្ធពិសេសហើយរថយន្ដនេះក៏បំពាក់ជាមួយប្រព័ន្ធ​បើកបរ​កម្រិត​ខ្ពស់ Huawei Qiankun ADS 4.0 ត្រូវ​បាន​គាំទ្រ​ដោយ៖

  • Lidar នៅ​លើ​ដំបូល​ ១៩២ ខ្សែ។
  • រ៉ាដា 4D millimeter-wave ចំនួន ៣។
  • កាមេរ៉ា​ចំនួន ១១គ្រាប់។
  • ​រ៉ាដា ultrasonic ចំនួន ១២គ្រាប់។

សម្រាប់កម្រិតសមត្ថភាពវិញរថយន្ត Voyah Passion L បំពាក់ជាមួយប្រព័ន្ធ Plug-in Hybrid ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន២ ចំពោះម៉ាសុីនរបស់រថយន្ដនេះអាចផលិតបាន ១០៥ គីឡូវ៉ាត់ ឬស្មើនឹង ១៤១ សេះ និង​កម្លាំង​រមួលអតិបរមា ២២០ ញូតុនម៉ែត្រ។ ចំណែកម៉ូទ័រអគ្គីសនីផ្នែកខាងមុខរបស់រថយន្ដ Voyah Passion L អាចផលិតខាកម្លាំង ១៥០ គីឡូវ៉ាត់ ស្មើនឹង ២០១ សេះ កម្លាំង​រមួល ៣០០ ញូតុនម៉ែត្រ ខណៈម៉ូទ័រអគ្គិសនីផ្នែកខាងក្រោយអាចផលិតកម្លាំងបាន ២៣០ គីឡូវ៉ាត់ ស្មើនឹង ៣០៨ សេះ និងកម្លាំង​រមួល ៣៩៥ ញូតុនម៉ែត្រ។

Voyah Passion L PHEV ត្រូវបានបំពាក់មកជាមួយអាគយត Ternary Lithium ទំហំ ៦៣ គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC តែប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៤០០ គីឡូម៉ែត្រ ហើយ​ការ​ស៊ី​សាំង​គឺ ០.១៧ លីត្រ/១០០ គីឡូម៉ែត្រ ហើយ​មានកម្រិត​ស៊ី​សាំង​ត្រឹមតែ ០.១៧ លីត្រ/១០០ គីឡូម៉ែត្រ ពេលអាគុយរបស់រថយន្ដនេះមានថាមពលពេញ។ បន្ថែមពីនេះរថយន្ដនេះក៏គាំទ្រការសាកថ្ម 5C អាចសាកពី ២០% ទៅ ៨០% ចំណាយ​ពេល​ត្រឹមតែ ១២ នាទី។

ចូលមកដល់ការ​រចនា​ផ្នែកខាងក្នុង Voyah Passion L ត្រូវបាន​លេងបន្ថែមដោយការតុបតែងដោយឈើ និង​សម្ភារៈ​ផ្នែកក្នុងត្រូវបានបំពាក់ដោយស្បែក។ នៅផ្នែកខាងមុខបានបំពាក់ជាមួយអេក្រង់កុងទ័រ LCD ទំហំ ១០.២៥ អ៊ីញ, អេក្រង់កម្សាន្ដ 3K ទំហំ ១៦.១ អ៊ីញ ដំណើរការដោយ​ប្រព័ន្ធ​កាប៊ីន​ឆ្លាតវៃ HarmonySpace 5 របស់ Huawei ប្រព័ន្ធ, មុខងារស្លាយកុងទ័រ AR-HUDទំហំ ៣៩ អ៊ីញ, កន្លែង​សាក​ថ្ម​ឥត​ខ្សែទំហំ ៥០ វ៉ាត់, ទូទឹកកក​តូច ទំហំ ៦.៦ លីត្រ ត្រូវ​បាន​បង្កប់​ក្រោម​កុងសូល​កណ្តាល​អាចកំណត់​សីតុណ្ហភាព​ពី -៦°C ដល់ ៥០°C និង​បំពាក់​ជាមួយ​អេក្រង់ LCD ទំហំ ៨ អ៊ីញ សម្រាប់អ្នករួមដំណើរនៅកៅអីខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម