
កាលពីថ្ងៃទី ១០ ខែធ្នូ ម៉ាកយីហោ Voyah របស់ក្រុមហ៊ុន Dongfeng បានដាក់លក់រថយន្ត Voyah Passion L plug-in hybrid sedan របស់ខ្លួននៅប្រទេសចិន ផ្ដល់មកជាមួយជម្រើស២ម៉ូឌែល ដាក់លក់ក្នុងតម្លៃចន្លោះពី ២៧៩ ៩០០ ដល់ ៣០៩ ៩០០ យ៉ន់ ស្មើនិងប្រមាណចន្លោះពី ៣៩ ៦០០ ដល់ ៤៣ ៨០០ ដុល្លារ។
រថយន្តថ្មីនេះបំពាក់មកជាមួយស្ថាបត្យកម្ម ៨០០ វ៉ុល (800V architecture), ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២, បំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រង Huawei Qiankun ADS 4.0 និងមានចម្ងាយធ្វើបើកបរសរុបរហូតដល់ ១ ៤០០ គីឡូម៉ែត្រ។ ចំពោះទំហំរូបរាងនៅផ្នែកខាថក្រៅរថយន្ត Voyah Passion L មានប្រវែងតួខ្លួនសរុប ៥ ១២៥មម ទទឹង ១ ៩៨៥មម កម្ពស់ ១ ៥២២មមនិងមានប្រវែងគម្លាតកង់មុខក្រោយ ៣ ០១០មម។
រថយន្ដនេះក៏ផ្ដល់មកជាមួយជម្រើសពណ៍ចំនួន ៦ផ្សេងគ្នា អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសពណ៍តាមចិត្ដដែលខ្លួនស្រឡាញ់។ បើនិយាយពីកម្រិតសមត្ថភាពវិញក៏មិនធម្មតាដែរ តួរថយន្តធ្វើពីអាលុយមីញ៉ូមសុទ្ធ (all-aluminum chassis) ផ្ដល់នូវការការពារសុវត្ថិភាពខ្ពស់ ខណៈប្រព័ន្ធបូមវិញ នៅផ្នែកខាងមុខបំពាក់ជាមួយបូមឯករាជ្យប្រភេទ double-wishbone និងបូម five-link នៅផ្នែកខាងក្រោយ។
Voyah Passion L PHEV ក៏បំពាក់ជាមួយប្រព័ន្ធចង្កូតឯករាជ្យអាចបត់កង់ក្រោយបាន ១០ ដឺក្រេ និងប្រព័ន្ធបូមខ្យល់ ដែលអាចលៃតម្រូវកម្ពស់បាន ៦៥ មីល្លីម៉ែត្រ រួមជាមួយនឹងប្រព័ន្ធទប់លំនឹង CDC dampers ។ ក្រៅពីបំពាក់ជាមួយប្រព័ន្ធពិសេសហើយរថយន្ដនេះក៏បំពាក់ជាមួយប្រព័ន្ធបើកបរកម្រិតខ្ពស់ Huawei Qiankun ADS 4.0 ត្រូវបានគាំទ្រដោយ៖
- Lidar នៅលើដំបូល ១៩២ ខ្សែ។
- រ៉ាដា 4D millimeter-wave ចំនួន ៣។
- កាមេរ៉ាចំនួន ១១គ្រាប់។
- រ៉ាដា ultrasonic ចំនួន ១២គ្រាប់។
សម្រាប់កម្រិតសមត្ថភាពវិញរថយន្ត Voyah Passion L បំពាក់ជាមួយប្រព័ន្ធ Plug-in Hybrid ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន២ ចំពោះម៉ាសុីនរបស់រថយន្ដនេះអាចផលិតបាន ១០៥ គីឡូវ៉ាត់ ឬស្មើនឹង ១៤១ សេះ និងកម្លាំងរមួលអតិបរមា ២២០ ញូតុនម៉ែត្រ។ ចំណែកម៉ូទ័រអគ្គីសនីផ្នែកខាងមុខរបស់រថយន្ដ Voyah Passion L អាចផលិតខាកម្លាំង ១៥០ គីឡូវ៉ាត់ ស្មើនឹង ២០១ សេះ កម្លាំងរមួល ៣០០ ញូតុនម៉ែត្រ ខណៈម៉ូទ័រអគ្គិសនីផ្នែកខាងក្រោយអាចផលិតកម្លាំងបាន ២៣០ គីឡូវ៉ាត់ ស្មើនឹង ៣០៨ សេះ និងកម្លាំងរមួល ៣៩៥ ញូតុនម៉ែត្រ។
Voyah Passion L PHEV ត្រូវបានបំពាក់មកជាមួយអាគយត Ternary Lithium ទំហំ ៦៣ គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC តែប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៤០០ គីឡូម៉ែត្រ ហើយការស៊ីសាំងគឺ ០.១៧ លីត្រ/១០០ គីឡូម៉ែត្រ ហើយមានកម្រិតស៊ីសាំងត្រឹមតែ ០.១៧ លីត្រ/១០០ គីឡូម៉ែត្រ ពេលអាគុយរបស់រថយន្ដនេះមានថាមពលពេញ។ បន្ថែមពីនេះរថយន្ដនេះក៏គាំទ្រការសាកថ្ម 5C អាចសាកពី ២០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១២ នាទី។
ចូលមកដល់ការរចនាផ្នែកខាងក្នុង Voyah Passion L ត្រូវបានលេងបន្ថែមដោយការតុបតែងដោយឈើ និងសម្ភារៈផ្នែកក្នុងត្រូវបានបំពាក់ដោយស្បែក។ នៅផ្នែកខាងមុខបានបំពាក់ជាមួយអេក្រង់កុងទ័រ LCD ទំហំ ១០.២៥ អ៊ីញ, អេក្រង់កម្សាន្ដ 3K ទំហំ ១៦.១ អ៊ីញ ដំណើរការដោយប្រព័ន្ធកាប៊ីនឆ្លាតវៃ HarmonySpace 5 របស់ Huawei ប្រព័ន្ធ, មុខងារស្លាយកុងទ័រ AR-HUDទំហំ ៣៩ អ៊ីញ, កន្លែងសាកថ្មឥតខ្សែទំហំ ៥០ វ៉ាត់, ទូទឹកកកតូច ទំហំ ៦.៦ លីត្រ ត្រូវបានបង្កប់ក្រោមកុងសូលកណ្តាលអាចកំណត់សីតុណ្ហភាពពី -៦°C ដល់ ៥០°C និងបំពាក់ជាមួយអេក្រង់ LCD ទំហំ ៨ អ៊ីញ សម្រាប់អ្នករួមដំណើរនៅកៅអីខាងក្រោយ៕




















