
ក្រុមហ៊ុន Voyah ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Dongfeng Motor បានចេញផ្សាយជាផ្លូវការនូវរូបភាពរថយន្តគំរូប្រភេទ SUV លំដាប់កំពូលនៃយុគសម័យថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Taishan។ រថយន្តថ្មីនេះនឹងត្រូវបានបំពាក់មកជាមួយ ប្រព័ន្ធបើកបរ Huawei Qiankun ADS 4.0 Ultra ដំណើរកាដោយ LiDAR ចំនួនបួន គាំទ្រមុខងារបើកបរស្វ័យប្រវត្តិកម្រិត៣ រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 800V high-voltage system។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន រថយន្ដនេះនឹងត្រូវការដាក់លក់ជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំនេះ។ រថយន្ត Voyah Taishan ត្រូវបានចាត់ថ្នាក់ជាប្រភេទរថយន្ត SUV ៦កៅអី ពេញលេញ។ រថយន្ដនេះមានប្រវែងប្រហែល ៥,៣ ម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយប្រហែល ៣,១ ម៉ែត្រ។
រថយន្ត Voyah Taishan ត្រូវបានបង្កើតឡើងប្រើប្រាស់គ្រោងឆ្អឹង Tianyuan ហើយភ្ជាប់មកជាមួយនូវប្រព័ន្ធគ្រប់គ្រងយានយន្តដែលក្រុមហ៊ុន Dongfeng។ ចំពោះរូបរាងវិញ នៅផ្នែកខាងមុខរថយន្តនេះរចនាបែបតាមបែបគ្រួសាររបស់ Voyah ស្រដៀងទៅនឹងរថយន្ត Voyah Passion L ដោយមានប៉ាណាខាងមុខរាងបញ្ឈរនៅចំកណ្តាល រន្ធខ្យល់តូចៗពីរនៅផ្នែកខាងក្រោម និងភ្លើងខាងមុខរាងស្តើង។ ឧបករណ៍ចាប់សញ្ញា LiDAR មួយក៏ត្រូវបានបំពាក់នៅផ្នែកខាងមុខលើដំបូលផងដែរ។
មកទល់ពេលនេះ ព័ត៌មានលម្អិតអំពីការរៀបចំកៅអីបីជួរ (៦ កៅអី) នៅខាងក្នុង និងលក្ខណៈបច្ចេកទេសនៃប្រព័ន្ធម៉ាស៊ីន (powertrain) មិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេ។ យ៉ាងណាមិញកាលពីមុន លោក Lu Fang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Voyah បានបង្ហើបថា រថយន្ត Taishan កំពុងស្ថិតក្រោមការធ្វើតេស្តរដូវក្តៅនៅតំបន់ Xinjiang ប្រទេសចិន ហើយបានសហការជាមួយក្រុមហ៊ុន Huawei ដើម្បីធ្វើតេស្តពាក់ព័ន្ធនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ និងបច្ចេកវិទ្យា Smart Cockpit។
លើសពីនេះ បើតាមប្រភពព័ត៌មានចិន Sohu បានឲ្យដឹងថា រថយន្តនេះទំនងជានឹងមានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងប្រើអគ្គិសនីលាយសាំង (PHEV)។ រថយន្តម៉ូឌែល BEV ត្រូវបានគេរំពឹងថានឹងបំពាក់ប្រព័ន្ធ dual-motor ដំណើរការដោយកង់បួន អាចផលិតកម្លាំងសរុប ៦៧១សេះនិងអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងបានក្នុងរយៈពេលតិចជាង ៤ វិនាទី ព្រមទាំងបំពាក់មកជាមួយអាគុយទំហំធំ អាចបើបបានម្ងាយ ៧០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC៕