ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការប្រកាសជាផ្លូវការថា ពួកគេគ្រោងនឹងដាក់បង្ហាញចេញលក់នូវរថយន្ត All-new Volkswagen Tiguan ជំនាន់ទី៣ សេរ៊ីឆ្នាំ២០២៥ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី នៅក្នុងខែឧសភាខាងមុខនេះ ទទួលបានជម្រើសម៉ាសុីនចំនួន ៣ ជាមួយតម្លៃលក់ចាប់ពី ២៧ ៣០០ ដុល្លារ ដល់ ៤៥ ៨០០ ដុល្លារ។
VW Tiguan ផលិតឡើងនៅលើគ្រោងឆ្អឹង MQB platform មានប្រវែងតួខ្លួនសរុប ៤ ៦៨៤ ម.ម ទទឹង ១ ៨៥៤ ម.ម កម្ពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៩១ ម.ម ដំណើរការដោយ៖
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ AWD ។
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៣ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ AWD ។
- ម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៩ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង ១ FWD ។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ All-new Volkswagen Tiguan ជំនាន់ទី៣ សេរ៊ីឆ្នាំ២០២៥ ត្រូវបានបំពាក់ជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ និង ២០ អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៩ អ៊ីញ និងទំហំ ១៥អ៉ីញជាជម្រើស អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងភ្លើងលម្អ ៣០ពណ៌ និងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ១២ចំណុចជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ IQ.Drive suite ដែលរួមបញ្ចូននៅមុខងារដ៏សំបូរបែបជាស្តង់ដារទៀតផង៕