កាលពីខែមីនា មានការចុះផ្សាយថាសម្ព័ន្ធ Volkswagen Group ចង់ទិញយកភាគហ៊ុនដែលសេសសល់ពីម្ចាស់ភាគហ៊ុន Audi ដើម្បីអាចគ្រប់គ្រងក្រុមហ៊ុនរថយន្តនេះបាន ១០០% តែម្ដង។
មកទល់ពេលនេះ VW Group គឺមានកាន់កាប់ភាគហ៊ុន ៩៩,៦៤% នៃ Audi ដោយមានម្ចាស់ភាគហ៊ុនមួយចំនួនតូចនៅកាន់កាប់ជាប់ចំណែកភាគហ៊ុន ០,៣៦% ទៀត។ ភាគហ៊ុន ០,៣៦% នេះ គឺមានចំនួនហ៊ុនសរុបដល់ទៅ ១៥២ ៧៤៩ ហ៊ុន ឯណោះ ដែល VW Group ត្រូវចំណាយ ២៣៧លានអឺរ៉ូ (ប្រមាណ ២៦៧លានដុល្លារ) ដើម្បីទិញយកបាន ព្រោះថាមួយហ៊ុនមានតម្លៃ ១៥៥១,៥៣អឺរ៉ូ (ប្រមាណ ១ ៧៤២ដុល្លារ) ឯណោះ។
ការផ្ទេរភាគហ៊ុនដែលនៅសេសសល់នេះរំពឹងថានឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំបន្ទាប់របស់ VW Group ដែលដើមឡើយគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ ប៉ុន្តែត្រូវបានលើកពេលទៅខែកក្កដា ឬខែសីហាវិញ។
គួរដឹងថា Audi នៅតែម៉ាកដែលសំខាន់មួយសម្រាប់ VW Group ហើយជាពិសេសខាងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ Audi គឺជាជើងខ្លាំងមួយរបស់ VW Group៕