[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen លោក Herbert Diess បានទទួលស្គាល់ថាការយកឈ្នះ Tesla ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនៅត្រឹមឆ្នាំ២០២៥ នឹងមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែលោកនៅតែមានក្ដីសង្ឃឹម។
កាលពីដើមឆ្នាំ២០២១ ក្រុមហ៊ុនអាល្លឺម៉ង់នេះធ្លាប់បានប្រកាសម្ដងរួចមកហើយពីគោលបំណងចង់ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីធំជាងគេនៅត្រឹមឆ្នាំ២០២៥ ហើយនៅក្នុងកម្មវិធី FT Future of the Car កាលពីថ្មីៗនេះ លោក Herbert និយាយថាគោលដៅនេះនៅតែជាគោលដៅរបស់ VW ខណៈដែលលោកទទួលស្គាល់ពីជោគជ័យរបស់ Tesla នាពេលបច្ចុប្បន្នផងដែរ។
លោកបានលើកឡើងដូចនេះ ៖ “វានឹងជាការប្រកួតដ៏តឹងតែង ប៉ុន្តែពួកយើងនឹងមិនចុះចាញ់ឡើយ។ ខ្ញុំត្រូវនិយាយថាយើងមិនបានរំពឹងថាគូប្រជែងអាមេរិកដ៏ធំរបស់យើងអាចដើរលឿន និងត្រៀមខ្លួនបានល្អបែបនេះឡើយ។”
លោក Herbert ជឿជាក់ថា VW មានឱកាសដែលអាចយកឈ្នះបានដោយសារតែមានផ្ដល់ជូនផលិតផលរថយន្តអគ្គិសនីច្រើនប្រភេទ។ លោកបន្ថែមថា VW ចង់បង្កើនទីផ្សារឲ្យធំជាងមុនពីរដងនៅសហរដ្ឋអាមេរិក ដែលទាមទារឲ្យមានការសាងសង់រោងចក្របន្ថែម រួមជាមួយការផលិតអាគុយក្នុងតំបន់ផងដែរ៕