VW នឹងចំណាយ ២៦៧លានដុល្លារ ដើម្បីអាចកាន់កាប់ Audi បាន ១០០%

កាល​ពី​ខែ​មីនា​ មាន​ការ​ចុះ​ផ្សាយ​ថា​សម្ព័ន្ធ Volkswagen Group ចង់​ទិញ​យក​ភាគហ៊ុន​ដែល​សេសសល់​ពី​ម្ចាស់​ភាគហ៊ុន​ Audi ដើម្បី​អាច​គ្រប់គ្រង​ក្រុមហ៊ុន​រថយន្ត​នេះ​បាន ១០០% តែ​ម្ដង។

មក​ទល់​ពេល​នេះ VW Group គឺ​មាន​កាន់​កាប់​ភាគហ៊ុន ៩៩,៦៤% នៃ Audi ដោយ​មាន​ម្ចាស់​ភាគហ៊ុន​មួយ​ចំនួន​តូច​នៅ​កាន់​កាប់​ជាប់​ចំណែក​ភាគហ៊ុន ០,៣៦% ទៀត។ ​ភាគហ៊ុន​ ០,៣៦% នេះ គឺ​មាន​ចំនួន​ហ៊ុន​សរុប​ដល់​ទៅ ១៥២ ៧៤៩ ហ៊ុន ឯណោះ ដែល VW Group ត្រូវ​ចំណាយ ២៣៧លាន​អឺរ៉ូ ​(ប្រមាណ ២៦៧លានដុល្លារ) ដើម្បី​ទិញ​យក​បាន ព្រោះ​ថា​មួយ​ហ៊ុន​មាន​តម្លៃ ១៥៥១,៥៣អឺរ៉ូ (ប្រមាណ ១ ៧៤២ដុល្លារ) ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ផ្ទេរ​ភាគហ៊ុន​ដែល​នៅ​សេសសល់​នេះ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​បន្ទាប់​របស់ VW Group ដែល​ដើម​ឡើយ​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០២០ ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​ទៅ​ខែ​កក្កដា ឬ​ខែ​សីហា​វិញ។

គួរ​ដឹង​ថា​ Audi នៅ​តែ​ម៉ាក​ដែល​សំខាន់​មួយ​សម្រាប់ VW Group ហើយ​ជា​ពិសេស​ខាង​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍ Audi គឺ​ជា​ជើង​ខ្លាំង​មួយ​របស់ VW Group៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម