VW នៅតែអាចគ្រងតំណែងលេខមួយ ប្រចាំទឹកដីអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Volkswagen Group បាន​យកឈ្នះក្រុមហ៊ុន Stellantis គ្រងតំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេនៅអឺរ៉ុប នៅពេញមួយឆ្នាំ២០២១។

VW Group អាចលក់រថយន្តសរុបបានចំនួន ៣ ១៥៨ ៥៥៩គ្រឿង កាលពីឆ្នាំមុន ខណៈដែល Stellantis អាចលក់រថយន្តបានចំនួន ៣ ០៨១ ៥៩០គ្រឿង ដោយ​ទឹកដីដែលត្រូវបានរាប់បញ្ចូលជាផ្នែកនៃអឺរ៉ុបក្នុងការលក់ទាំងនេះគឺមានសរុបចំនួន ២៧ប្រទេស មាន​អង់គ្លេស និង ន័រវេសផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រឡេកទៅមើលឆ្នាំ២០២០ ការប្រកួតប្រជែងរវាង VW Group ជាមួយ Stellantis ក៏មានការប្រកៀកប្រកិតគ្នាសម្បើមណាស់ដែរ ដោយ​មាន​ចំនួន​លក់ ៣២៥៦ ៨៦៥គ្រឿង ធៀបនឹងចំនួនលក់ ៣ ០៥៨ ០៦៤គ្រឿង។

គួរដឹងផងដែរថាមានផ្នែកមួយនៃទីផ្សាររថយន្ត ដែលក្រុមហ៊ុន Stellantis ​បានវ៉ាដាច់ VW Group ដោយអំឡុងឆ្នាំ២០២១ ក្រុមហ៊ុននេះអាចលក់រថយន្តពាណិជ្ជកម្ម​ធុនស្រាលបានចំនួន ៦៤៣ ៧៩៣គ្រឿង ធៀបនឹងចំនួនលក់ ២០៨ ៣០៣គ្រឿង របស់ VW Group។

ដោយឡែកការលក់រថយន្តប្រើប្រាស់ទូទៅ VW Group អាចលក់បាន ២ ៩៥០ ២៥៦គ្រឿង ខណៈដែល Stellantis អាចលក់បាន ២ ៤៣៧ ៩៧៩គ្រឿង ប៉ុណ្ណោះ។

ក្រុមហ៊ុនរថយន្តដែលលក់រថយន្តបានច្រើនជាងគេលំដាប់ទីបីនៅអឺរ៉ុបគឺសម្ព័ន្ធ Renault-Nissan-Mitsubishi ដែលលក់រថយន្តចេញបាន ១ ៧៨៨ ២៦៦គ្រឿង តាមពីក្រោយដោយ Hyundai-Kia ដែលលក់បាន ១ ០២០ ៦៨៦គ្រឿង និងផ្សេងៗទៀតគឺមាន Ford, Daimler, BMW និង Toyota៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម