ក្នុងកិច្ចសម្ភាសន៍ជាមួយ Motoring.com លោក Nick Reid ប្រធានផ្នែកទីផ្សារនិងផលិតផលរបស់ Volkswagen ប្រចាំនៅប្រទេសអូស្ត្រាលីបានឲ្យតម្រុយថា VW អូស្ត្រាលី កំពុងតែគិតគូរផលិតរថយន្តភីកអាប់សម្រាប់ប្រកួតប្រជែងនឹង Ford Ranger Raptor។
រថយន្តគូប្រជែងរបស់ Ranger Raptor នេះអាចនឹងកើតចេញពីរថយន្តភីកអាប់ VW Amarok ប្រភេទកម្លាំងខ្លាំងដែលមានឈ្មោះសម្គាល់ថា W580។ រថយន្ត W580 នេះគឺកំពុងតែស្ថិតក្នុងការផលិត ហើយក្រោយពីរថយន្តនេះប្រកាសចេញហើយ VW អាចនឹងធ្វើការត្រួតពិនិត្យឪកាសក្នុងការផលិតរថយន្ត VW Amarok ដែលផ្ដោតខ្លាំងលើការបើកបរ Off-Road សម្រាប់ប្រជែងនឹង Ranger Raptor។
គួរដឹងថារថយន្តភីកអាប់ប្រភេទ Off-Road ជាប្រភេទរថយន្តដែលមានទីផ្សារខ្លាំងនៅប្រទេសអូស្ត្រាលី ហើយទីផ្សារនេះត្រូវបានកាន់កាប់ដោយ Ford Ranger Raptor។ ក្រៅពី Ford Ranger Raptor ក៏មាន Nissan ដែលផ្ដល់ជូនអតិថិជននូវរថយន្ត Navara Warrior ជារថយន្តជំនាញខាង Off-Road ហើយក៏មានចចាមអារ៉ាមថា Toyota កំពុងផលិតរថយន្ត Hilux ដែលផ្ដោតលើការបើកបរ Off-Road នេះផងដែរ៕